ព្រឹទ្ធសភាអាមេរិកបានសម្រេចបិទទ្វាររយៈពេល២សប្តាហ៍រហូតដល់ថ្ងៃទី១៩ខែតុលាទើបវិលត្រឡប់មកធ្វើការវិញ។ ការសម្រេចបិទទ្វារព្រឹទ្ធសភានេះគឺក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិកព្រឹទ្ធសភា៣រូបឆ្លងកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថា សមាជិកព្រឹទ្ធសភាអាមេរិក លោក Mitch McConnell តំណាង សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បានផ្អាកកិច្ចប្រជុំរយៈពេលខ្លី តាមច្បាប់កំណត់។
សមាជិកព្រឹទ្ធសភាអាមេរិក៣រូប ដែលឆ្លងកូវីដ-១៩រួមមាន លោក Thom Tillisមកពីរដ្ឋ Carolinaខាងជើង។ លោក Mike Lee (Utah) និង Ron Johnson (Wisconsin) ។ អ្នកទាំង៣ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃសុក្រកន្លងមក ។ ក្រៅពីនេះក៏មានសមាជិកព្រឹទ្ធសភាជាច្រើនរូបទៀតត្រូវធ្វើចត្តាឡីស័ក ដោយបានជួបជាមួយអ្នកឆ្លងកូវីដ-១៩។
ជាមួយគ្នានោះដែរសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានស្នើពន្យារពេលអនុម័តតែងតាំងចៅក្រមតុលាការកំពូល ដើម្បីសុខភាព និងសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភាទាំងអស់៕ដោយ៖ធី រីណា