ភ្នំពេញ៖ ថ្មីៗនេះមានលេចចេញករណីយុវជនជាច្រើនលង់ជឿចាញ់បោកចាងហ្វាងផលិតកម្ម DL អស់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់។ ស្រាប់តែពេលនេះមានលេចចេញរឿងថ្មីមួយទៀត គឺយុវជនម្នាក់បានទម្លាយអំពីល្បិចកលរបស់ចាងហ្វាងរូបនេះថាបានបោកបញ្ឆោទអូសទាញខ្លួនឲ្យធ្វើធ្វើតេស្ត ដែលតាមការពិតគឺជារូបភាពចង់បានខ្លួនប្រាណប៉ុណ្ណោះ។
កន្លងមកមិនធ្លាប់មានយុវជនដែលហ៊ានចេញមុខទម្លាយការពិតនៅពីក្រោយថៅកែផលិតកម្មម្នាក់ដែលបានបោកប្រាស់ប្រាក់ និងអូសទាញចង់បានខ្លួនប្រាណជាថ្នូនឹងការចូលសិល្បៈនោះទេ។ ថ្មីៗនេះយុវជនម្នាក់បានទម្លាយរឿងរ៉ាវនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកធ្លាប់បានចាញ់បោកបុគ្គលខាងលើដែលគេស្គាល់ថាឈ្មោះមករា ដោយបុគ្គលរូបនេះបានអូសទាញ ដោយសន្យាថាឲ្យលោកសម្តែងក្នុងភាពយន្តថ្មីមួយក្នុងតំណែងជាតួឯក។ លោកបញ្ជាក់ថា រឿងរ៉ាវនេះបានកើតឡើងជាង៤ឆ្នាំកន្លងមកហើយ។ លោកថាដើមឡើយលោកធ្លាប់បានស្គាល់បុរសម្នាក់នេះតាមរយៈការបិទប្រកាសហើយបានឲ្យលោកទៅធ្វើតេស្តសម្តែង។ លោកថាថ្ងៃមួយបុរសនេះបានហៅលោកទៅធ្វើតេស្តសម្តែងនៅផ្ទះជួលមួយកន្លែងនៅតំបន់ផ្សារស្ទឹងមានជ័យដោយបុរសនេះលើកឡើងថា តួសម្តែង និងអ្នកថតមកអស់ហើយនៅចាំតែលោកម្នាក់ប៉ុណ្ណោះ ប៉ុន្តែពេលទៅដល់បន្ទប់នោះគឺមិនមានអ្នកណាសោះដោយបុរសនោះលើកឡើងថា គេសម្រាកទៅហូបបាយ ហើយត្រូវឲ្យលោកធ្វើតេស្តបណ្តើរឲ្យហើយមុនពេលក្រុមការងារមកដល់។ យុវជនខាងលើបញ្ជាក់ថាដោយសារតែបុរសនេះលើកឡើងថា ថតភាពយន្តរឿង”បុរសម៉ាស្សា” ទើបតម្រូវឲ្យខ្លួនសមជាមួយគាត់ផ្ទាល់ដោយតម្រូវឲ្យដោះសម្លៀកបំពាក់ ចេញស្លៀកតែកន្សែងពោះគោប៉ុណ្ណោះដែលសូម្បីតែខោក្នុងក៏មិនត្រូវឲ្យស្លៀកដែរ។ ការធ្វើតេស្តក្នុងបន្ទប់តែ២នាក់ផ្ទាល់នេះបានធ្វើឲ្យលោកភិតភ័យជាខ្លាំងរហូតមានការលូកស្ទាប ច្របាច់លើរាងកាយទើបស្ទុះចេញដោយរត់យកសម្លៀកបំពាក់ទៅស្លៀកពាក់រួចចេញក្រៅវិញដោយប្រាប់បុរសនោះវិញថាលោកឈប់ចង់ថតភាពយន្តនេះហើយ។
យុវជនវ័យ២៧ឆ្នាំរូបនេះបន្តថាក្រោយពីរត់ចេញពីទីតាំងផ្ទះជួលនេះ បុរសដែលអះអាងថាខ្លួនជាចាងហ្វាងផលិតកម្មនោះបានព្យាយាទាក់ទងមកលោកបន្តដើម្បីឲ្យទៅថតភាពយន្ត ប៉ុន្តែត្រូវបានលោកបដិសេធ ព្រោះតែលោកមិនដែលបានឃើញបុគ្គលរូបនេះបង្ហាញឲ្យច្បាស់ទេថាលោកមានក្រុមការងារផលិតភាពយន្តដូចការអះអាងកន្លងមកទេ។លោកបញ្ជាក់ថា ដូចការសង្ស័យពីដំបូងមែនគឺមិនមែនជាការធ្វើតេស្តឬថតទេគឺជាបំណងនៃការចង់បានខ្លួនបា្រណលោកប៉ុណ្ណោះព្រោះតែលោកមើលទៅបុរសនោះហាក់មានអារម្មណ៍ពិតៗមិនមែនជាការសម្តែងនោះទេ ពោលគឺជាបុរសស្រលាញ់ភេទដូចគ្នាប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកមិនបានដឹងទេថា តើបុគ្គលខាងលើធ្លាប់បានប្រព្រឹត្តិដូចគ្នានេះទៅលើបុគ្គលណាផ្សេងទៀតដែរឬយ៉ាងណាប៉ុន្តែលោករំពឹងថាក្រសួងពាក់ព័ន្ធនឹងធ្វើចំណាត់ការស្វែងរកដំណោះស្រាយជូនយុវជនរងគ្រោះទាំងអស់៕