អតីតប្រប្រធានាធិបតីKyrgyzstan លោក Almazbek Atambayev ត្រូវបានក្រុមបាតុករនៅក្នុងប្រទេសនេះរំដោះចេញពីមន្ទីរឃុំឃាំងនៅទីក្រុង Bishkek ។ សារព័ត៌មាន RIA Novosti បានផ្សាយថា ការរំដោះអតីតប្រធានាធិបតីបានធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៦ ខែតុលា ក្រោយក្រុមបាតុករសម្រុកចូលមន្ទីរឃុំឃាំង។
កន្លងមក កូនប្រុសអតីតប្រធានាធិបតី Almazbek Atambayev ក៏បានដឹកនាំក្រុមបាតុករវាយប្រហារទៅលើទីតាំងរដ្ឋាភិបាល និងអគាររដ្ឋសភា Kyrgyzstan ផងដែរ ដែលមានក្រុមបាតុករប្រមាណ២ពាន់នាក់ចូលរួម។
តាមគម្រោងអតីតប្រធានាធិបតី Almazbek Atambayev នឹងចូលរួមមហាបាតុកម្ម នៅទីលានAla-Too អំពាវនាវឱ្យលុបចោលលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី៤ខែតុលា ។ ក្រុមបាតុករបាននាំគ្នាដង្ហែក្បួននៅថ្ងៃទី៥ខែតុលា ដោយចោទប្រកាន់ ការបោះឆ្នោតមិនមានតម្លាភាពហើយប្រធានាធិបតី Sooronbay Jeenbejov បានទិញសន្លឹកឆ្នោតពីពលរដ្ឋ និងគំរាមកំហែងពលរដ្ឋ។
តាមលទ្ធផលផ្លូវការ គណបក្សស្និទ្ធជាមួយរដ្ឋាភិបាល រួមមានគណបក្ស Birimdikនិង Mekenim Kyrgyzstan ទទួលបានការគំាទ្រខ្ពស់។ ចំណែកគណបក្ស៤ផ្សេងទៀតគឺគ្រាន់តែមានសំឡេងគ្រប់គ្រាន់ដើម្បីបានកៅអីក្នុងសភា ប៉ុណ្ណោះ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី Atambayev បានជ្រើសរើសលោកJeenbekovធ្វើជាអ្នកបន្តតំណែងនៅឆ្នាំ២០១៧ ប៉ុន្តែក្រោយមកក៏មិនចុះសម្រុងនឹងគ្នា។ អតីតប្រធានាធិបតី ត្រូវបានចាប់ខ្លួន នៅខែសីហាឆ្នាំ២០១៩ ហើយកាត់ទោសជាប់គុក១១ឆ្នាំ៕