អន្តរជាតិ៖ អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានអះអាងថា៖ បន្ទាប់ពីរូបគាត់ បានប៉ះពាល់ជាមួយមនុស្សម្នាក់ដែលកើតជំងឺកូវីដ-១៩ ពេលនេះអ្នកស្រី កំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ។
ជាក់ស្តែង ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានបញ្ជាក់តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី ៥ ខែតុលាម្សិលមិញនេះថា លោកស្រីទទួលដំណឹងថា កិច្ចប្រជុំមួយដែលអ្នកស្រីមានវត្តមានកាលពីថ្ងៃទី២៩ ខែកញ្ញា ក៏មានអ្នកជំងឺកូវីដ-១៩ បានចូលរួមផងដែរ។ នេះបើតាមអ្នកស្រី អះអាងថា អ្នកជំងឺនោះមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ៤ ខែតុលា។
អ្នកស្រី von der Leyen ដែលស្នាក់នៅក្នុងអាផាតមិនមួយកន្លែងក្នុងទីក្រុងព្រុចសែល បានលើកឡើងទៀតថា អ្នកស្រី នឹងធ្វើចត្តាឡីស័ករហូតដល់ព្រឹកថ្ងៃទី ៦ ខែតុលា ខណៈអ្នកស្រីបានធ្វើតេស្តអវិជ្ជមានសម្រាប់កូវីដ-១៩ កាលពី១ ខែតុលា ម្ដង។ ម្យ៉ាងទៀត អ្នកស្រី បានតេស្តជាថ្មីម្ដងទៀតនៅថ្ងៃទី ៥ ខែតុលានេះ ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។
សូមជម្រាបថា កាលពី២សប្ដាហ៍មុន កិច្ចប្រជុំកំពូលមួយនៃបណ្ដាមេដឹកនាំសមាជិកសហភាព ត្រូវបានផ្អាកបណ្ដោះអាសន្ន នៅពេលប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលជាប្រធានជំនួបកំពូលនេះ ត្រូវបានបង្ខំឲ្យដាក់ខ្លួនឯងនៅដាច់ដោយឡែក ។ ការសម្រេចធ្វើបែបនេះ ធ្វើឡើងបន្ទាប់ពីលោកបានប៉ះពាល់ជាមួយមន្ត្រីម្នាក់ ដែលក្រោយមករកឃើញឆ្លងកូវីដ-១៩។
ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់ ចុះផ្សាយនៅថ្ងៃទី ៥ ខែតុលា ក៏បានអះអាងដែរថា ប្រធានាធិបតីព័រទុយហ្កាល់Marcelo Rebelo de Sousa និងនាយកដ្ឋមន្ត្រីព័រទុយហ្កាល់ António Costa ក៏បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ។ ខណៈអ្នកទាំងពីរក៏បានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារសប្តាហ៍មុន ជាមួយអ្នកស្រី von der Leyen៕ដោយ៖ស តារា