ប្រធាន​ធនាគារពិភពលោក​ អះអាងថា៖ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច លោកទទូច​ឲ្យ​ប្រទេស​អ្នកមាន និង​អ្នកវិនិយោគ លុបចោល និង​រៀបចំ​បំណុល​សារជាថ្មី

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច និង​បំណុល​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ COVID-19 លោក David Malpass ប្រធាន​ធនាគារពិភពលោក កាលពីថ្ងៃទី​៤ ខែតុលា​ ឆ្នាំ២០២០ថ្មីៗនេះ បានទទូច​ឲ្យ​ប្រទេស​អ្នកមាន និង​អ្នកវិនិយោគ លុបចោល និង​រៀបចំ​បំណុល​សារជាថ្មី ហើយ​ទទូច​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​ ខណៈដែលប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវការការបន្ធូរបន្ថយ​ក្នុង​ការបង់​បំណុល​ ​។​

ជាក់ស្តែង ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Handelsblatt នៅ​ថ្ងៃទី​៤ ខែតុលា​ លោក David Malpass ប្រធាន​ធនាគារពិភពលោក បានលើកឡើងថា៖ ព្រោះតែវិបត្តិ​ជំងឺឆ្លង COVID-19 បាន​ប៉ះពាល់​យ៉ាងគំហុក​ដល់​ចរន្ត​សេដ្ឋកិច្ចពិភពលោក ដូច្នេះហើយ​អ្នកវិនិយោគ​គួរ​ណាស់​តែ​ត្រៀមខ្លួន​ក្នុងការ​ផ្តល់ជំនួយ​ដល់​ប្រទេស​អ្នក​ខ្ចីលុយ​ពួកគេ​ដែល​ក្នុងនោះ​ក៏មាន​ការ​លុប​បំណុល​ចោល​ដែរ​។

​លោកប្រធាន​ធនាគារពិភពលោក បានគូសបញ្ជាក់ថា វា​ជា​រឿង​សំខាន់​ដែល​បំណុល​ត្រូវ​កាត់បន្ថយ តាមរយៈ​ការរៀបចំ​ឡើងវិញ​ ព្រោះមានព័ស្តុតាង​ច្រើនណាស់​ដែល​ប្រទេស​ខ្លះ​មិនអាច​សងបំណុល​ដែល​ខ្លួន​បាន​ខ្ចី​។ លោក​បន្ថែមថា ប្រាក់​ដែល​ប្រទេស​ក្រីក្រ​ជំពាក់ គួរ​ត្រូវបាន​កាត់បន្ថយ ហើយ​លុយ​បំណុល​គេ​គួរ​លុបចោល​តែម្ដង​។

​សូមជម្រាបថា ក្នុងន័យនេះ លោក Malpass លើកឡើង​ពី​វិធាន​ការដែល​គេ​ធ្លាប់​អនុវត្ត​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​តំបន់​អាមេរិក​ឡាទីន និង​គំនិត​ផ្តួចផ្តើម​សម្រាប់​ប្រទេស​ដែលមាន​បំណុល​ច្រើន​ដែល​ដាក់ចេញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ជាដើម​។​

លោក Malpass ក៏អះអាង​ទៀតថា ដោយសារវិបត្តិ​ជំងឺឆ្លង COVID-19 នេះ អាច​នឹង​បណ្តាល​ឲ្យ​មាន​វិបត្តិ​បំណុល​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន ដែល​កំណើនសេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​កំពុង​ជួប​បញ្ហា​។ បន្ថែមពីនេះលោក​ ថា៖ ឱនភាព​ថវិកា និង​ការបង់​បំណុល​កំពុង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ស្របពេល​ធនាគារកណ្តាល​របស់​ពួកគេ ក៏​កំពុង​ជួប​បញ្ហា​បំណុល​ក្នុងស្រុក​ផងដែរ ។

ជុំវិញបញ្ហានឹងរឿង​បំណុល​នេះ កាលពី​ខែមីនា​កន្លងទៅ បណ្តារ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ (G20) បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ក្នុងការ​ពន្យារពេល​សង​បំណុល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ត្រូវ​បានអនុម័ត​ក្នុង​ខែមេសា​។ ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន​៧៣ មាន​ប្រទេស​ចំនួន​៤៣ ដែល​ត្រូវបាន​វាយតម្លៃថា អាច​ពន្យារពេល​សងបំណុល​បាន​ដែលមាន​តម្លៃ​សរុប​៥​ពាន់​លាន​ដុល្លារ​។​

​គួរបញ្ជាក់ថា កាលពី​ខែសីហា​កន្លងទៅ លោក Malpass ក៏បាន​ព្រមាន​ថា ជំងឺឆ្លង​សកល COVID-19 អាច​នឹង​បណ្តាល​ឲ្យ​មនុស្ស​១០០​លាន​នាក់​ស្ថិតក្នុង​សភាព​ក្រីក្រ​បំផុត​។ លោក បាន​អំពាវនាវ​បន្ថែមទៀត​ឲ្យ​ធនាគារឯកជន និង​មូលនិធិ​វិនិយោគ​នានា​ចូលរួម​ក្នុង​ការជួយ​ដោះស្រាយ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print