ពេលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ វិលត្រឡប់មកកាន់សេតវិមានវិញមិនដល់ពីរម៉ោងផង បណ្តាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងខ្លាំង ដោយសារតែលោកត្រាំបានទម្លាក់គ្រោះថ្នាក់ពីការឆ្លងកូវីដ១៩ ដោយលោកត្រាំ លើកឡើងថា«ពលរដ្ឋអាមេរិកមិនត្រូវបារម្ភខ្លាំងពេកពីកូវីដ១៩នោះឡើយ»។
បេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូបៃឌិនបានលើកឡើងថា«ខ្ញុំសង្ឃឹមថា ប្រធានាធិបតីដែលបានឆ្លងកាត់ អ្វីដែលខ្លួនបានឆ្លងកាត់ គួរតែផ្តល់ មេរៀនត្រឹមត្រូវដល់ពលរដ្ឋអាមេរិក»។
លោកត្រាំ បានពាក់ម៉ាស់ពេលចេញពីមន្ទីរពេទ្យ ប៉ុន្តែលោកបែរជាដោះម៉ាស់វិញពេលថតរូបនៅសេតវិមាន ខណៈមានមនុស្សជាច្រើននៅក្បែរនោះ។ តាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC)បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ គួរតែកាត់ផ្តាច់ដោយខ្លួនឯង យ៉ាងតិច១០ថ្ងៃ ចាប់ពីថ្ងៃរកឃើញវិជ្ជមានកូវីដ១៩។ ការពាក់ម៉ាស់ជាវិធានការល្អបំផុតសម្រាប់ទប់ស្កាត់ការឆ្លងទៅកាន់អ្នកដទៃ ។ បេក្ខភាពប្រធានាធិបតីចូបៃឌិន បានលើកឡើងថា «លោកត្រាំ មិនពាក់ម៉ាស់ គឺមានគោលបំណងអ្វី? ដើម្បីព្រះជាម្ចាស់ សូមលោកស្រឡាញ់ជាតិប្រជាពលរដ្ឋផង»។
តាមគម្រោង ប្រសិនបើមិនមានអ្វីប្រែប្រួលនោះ នៅថ្ងៃទី១៥ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានបំណងចូលរួមក្នុងវេទិកាតស៊ូមតិលើកទី២ ជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃដិន ក្នុងទីក្រុង Miami រដ្ឋផ្ល័ររីដា៕ ដោយ៖ធីរីណា