តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូប បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដែលបាត់ខ្លួនពីប្រទេសអុីតាលីកាលពីឆ្នាំ២០១៨ នោះ នៅពេលថ្មីៗនេះបានភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ក្រោមការការពារពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅថ្ងៃទី០៧ខែតុលា បានផ្សាយពីរូបភាពលោក Jo Song Gil នៅកូរ៉េខាងត្បូង។ ប្រសិនបើព័ត៌មានខាងលើជាការណ៍ពិតនោះ អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអុីតាលី លោក Jo Song Gil នឹងក្លាយជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងថ្មីបំផុតទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពី លោក Hwang Jang-yop ទៅកាន់កូរ៉េខាងត្បូងនៅឆ្នាំ១៩៩៧។ លោក Hwang Jang-yop ជាឧបការីរបស់អតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអុីល។
មន្ត្រីចារកិច្ចកូរ៉េខាងត្បូងបានឲ្យដឹងថា លោក Jo Song Gil បានចាកចេញពីផ្ទះក្នុងទីក្រុងរ៉ូមជាមួយនិងភរិយាកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ហើយលោកទទួលបានការការពារសុវត្ថិភាពនៅទីតាំងសម្ងាត់មួយក្នុងតំបន់អឺរ៉ុប ប៉ុន្តែមិនបញ្ចាក់ថានៅប្រទេសណាឡើយ។
នៅពេលនេះតំណាងរាស្ត្រ Ha Tae-keung របស់កូរ៉េខាងត្បូង និងជាសមាជិកក្រុមចារកិច្ចកូរ៉េខាងត្បូង បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានទៅដល់កូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៩ ហើយទទួលបានការការពារពីរដ្ឋាភិបាល។
គិតចាប់តាំងពីឆ្នាំ១៩៩០ រហូតមកទល់ពេលនេះ មានពលរដ្ឋកូរ៉េខាងជើងដល់ទៅ ៣៣០០០នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ៕ ដោយ៖ធីរីណា