អន្តរជាតិ៖ បើតាមការអះអាងពីលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញសារព្រមានចិនជុំវិញការប៉ុនប៉ងណាមួយក្នុងការវាយប្រហារតៃវ៉ាន់ មិនមែនជារឿងងាយស្រួលសម្រាប់កងទ័ពចិននោះឡើយ ពិសេសការឡើងគោកតែម្ដង ហើយអាមេរិក ក៏មានផ្លូវច្រើនក្នុងការអន្តរាគមជួយតៃវ៉ាន់ពីការវាយប្រហាររបស់ចិនផងដែរ។ ការព្រមានរបស់អាមេរិកបែបនេះ ធ្វើឡើងស្របពេលចិន កំពុងគំរាមតៃវ៉ាន់តាមរយៈសកម្មភាពយោធារបស់ខ្លួន។
ជាក់ស្តែង នៅក្នុងកម្មវិធីមួយនៅសកលវិទ្យាល័យ Nevada ក្នុងទីក្រុង Las Vegas នៅថ្ងៃទី៧ ខែតុលាម្សិលមិញនេះ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងពីបញ្ហាជុំវិញការវាយប្រហាររបស់ចិនលើតៃវ៉ាន់ និងការឆ្លើយតបរបស់អាមេរិកលើការវាយប្រហាររបស់ចិន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ទាក់ទិននឹងការវាយប្រហាររបស់ចិនដែលលោកប្រដូចទៅកាន់ការព្យាយាមរបស់អាល្លឺម៉ង់ដើម្បីវាយអង់គ្លេស លោក O’Brien បានប្រាប់រដ្ឋាភិបាលចិនថា៖ ការវាយប្រហារយោធាទ្រង់ទ្រាយធំរបស់ចិន លើតៃវ៉ាន់ មិនមែនជារឿងងាយស្រួលឡើយ។ លោកបានលើកយកហេតុផលចម្ងាយ១៦០គីឡូម៉ែត្ររវាងដីគោកចិន និងកោះតៃវ៉ាន់ និងកង្វះឆ្នេររបស់តៃវ៉ាន់ដើម្បីដាក់ទ័ពរបស់ចិនផងនោះ។
ជាមួយគ្នានោះមន្ត្រីអាមេរិក ក៏បានព្រមានចិនពីអន្តរាគមន៍របស់អាមេរិកដែរ។ នៅពេលត្រូវចោទសួរថា តើអាមេរិកនឹងឆ្លើយតបបែបណានៅពេលចិនវាយប្រហារតៃវ៉ាន់ លោក O’Brien ឆ្លើយថា៖ «វាមិនមានជាកិច្ចការងាយស្រួលទេ ហើយវាមានវិធីសាស្ត្រមិនច្បាស់លាស់ជាច្រើនដែលអាមេរិកនឹងធ្វើដើម្បីឆ្លើយតបការវាយប្រហាររបស់ចិនលើតៃវ៉ាន់»។
លើសពីនេះ លោក O’Brien បានទទូចឲ្យតៃវ៉ាន់ទិញអាវុធ និងបន្ថែមថវិកាយោធារបស់ខ្លួន ដើម្បីការពារខ្លួនពីការវាយប្រហាររបស់ចិន។ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់អាមេរិក ចង់ឲ្យតៃវ៉ាន់ត្រូវកែប្រែខ្លួនទៅជាសត្វកាំមា ព្រោះសត្វតោ មិនចូលចិត្តស៊ីសត្វកាំប្រមាឡើយ។ មិនតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ក៏ឆ្លៀតវាយតម្លៃពីសមត្ថភាពកងទ័ពជើងទឹករបស់ចិនផងដែរ។
លោក O’Brien បានបញ្ជាក់ថា ចិនបានពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដែលមិនធ្លាប់បានឃើញតាំងពីអាល្លឺម៉ង់ប៉ុនប៉ងប្រកួតប្រជែងជាមួយកងទ័ពជើងទឹកអង់គ្លេស រហូតដល់សង្គ្រាមលោកលើកទី១។ ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកចិនបែបនេះ ត្រូវបានលោក O’Brien យល់ថា ចិនចង់រុញអាមេរិក ឲ្យចេញពីតំបន់ប៉ាស៊ីហ្វីកខាងលិចដើម្បីប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំលើតៃវ៉ាន់។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ចិន បានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងលើតៃវ៉ាន់ ជាពិសេស គឺការបញ្ជាឲ្យយន្តហោះចម្បាំងឆ្លងច្រកសមុទ្រតៃវ៉ាន់ និងហោះចូលដែនអាកាសតៃវ៉ាន់ជាដើម៕ដោយ៖ស តារា