ប្រមុខការទូតកម្ពុជា បានបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង ករណីតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលត្រូវបានតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ។
នេះជាការបំភ្លឺរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលត្រូវបានតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ហើយដែលត្រូវបានចោទសួរដោយលោក ហេង រស្មី វិទ្យុអាស៊ីសេរី ដោយលើកយកទស្សនៈ របស់អ្នកវិភាគថា ដោយសារតែលោក គ្រុយ លឹមហេង បែងចែកប្រយោជន៍មិនស្មើគ្នារឿងបញ្ហាពុករលួយជាមួយមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស ដោយសារតែកុងស៊ុលកម្ពុជាប្រចាំខេត្តយូណានជាស្ថាប័នមួយរកចំណូលចូលក្រសួងការបរទេស។ បន្តថា៖ ចំណូលទាំងនោះបានមកពីការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ចេញលិខិតឆ្លងដែនការបរទេសខ្មែរដល់ពលរដ្ឋចិន និងការរត់ពន្ធមនុស្សជាដើម។

ការបំភ្លឺបានបញ្ជាក់ថា៖ រឿងនេះកើតចេញពីការរកឃើញថា មានការបាត់ visa stickers ហើយមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងអ្នកទទួលខុសត្រូវនៅក្នុងស្ថានអគ្គកុងស៊ុលនោះ។

ដើម្បីរកមូលហេតុ និងអ្នកដែលទទួលខុសត្រូវពិតប្រាកដ ក្រសួងក៏សម្រេចបើកការស៊ើបអង្កេតស្រាវជ្រាវករណីនេះ។ ដោយការស៊ើបអង្កេតផ្ទៃក្នុងមិនអាចវែកញែករកឃើញយុត្តធម៌​នោះបាន ក៏ករណីនេះត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបរឿងឡើងដល់តុលាការ ហើយក៏មានដីកាសម្រេចបែបនេះក្រោយស៊ើបអង្កេតចប់។

ចំពោះសំនួររបស់លោករស្មី យើងត្រូវញែករឿងជាពីរ។

ទីមួយ៖ ខ្លឹមសារនៃអ្វីដែលហៅថាការលើកឡើងរបស់អ្នកវិភាគ ធាតុពិតជាការចោទប្រកាន់ និងសំអុយឈ្មោះទៅវិញទេ ហើយជាការចោទប្រកាន់ធ្ងន់ធ្ងរព្រោះប៉ះពាល់ដល់កិត្តិយស កិត្យានុភាពប្រទេសយើង។ បើដូច្នេះ អ្នកដែលតាំងខ្លួនជាអ្នកវិភាគ ត្រូវហ៊ានចេញមុខបកស្រាយ ផ្តល់ភស្តុតាង ការពារអំណះអំណាងរបស់ខ្លួន ព្រោះការចោទប្រកាន់របស់គាត់ ជាការបង្ខូចឈ្មោះស្ថាប័នរាជរដ្ឋាភិបាល។

ទីពីរ៖ ខ្ញុំត្រូវបកស្រាយចំពោះពាក្យចោទប្រកាន់ទាំងនោះ ដែលប្រមាថដល់ស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរតែដោយល្ងង់ខ្លៅ ដូចតទៅ៖

១- ចំណូលដែលបានមកពីស្ថានកុងស៊ុលនានា គឺសឹងតែទាំងស្រុង ជាចំណូលពីការបង់ថ្លៃទិដ្ឋាការពីសំណាក់ភ្ញៀវបរទេស។ ចំណូលនេះត្រូវបានផ្ទៀងផ្ទាត់និងបង្វែរមកក្រសួង ហើយបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមពេលវេលាកំណត់ជាទៀងទាត់។ ភាពហ្មត់ចត់ក្នុងការផ្ទៀងផ្ទាត់នេះហើយ ទើបនាំដល់ការរកឃើញការបាត់ visa stickers កន្លងទៅនេះ។

២- ស្ថានទូត ស្ថានអគ្គកុងស៊ុលយើងទាំងអស់នៅបរទេស មិនមានចេញលិខិតឆ្លងដែនទេ។ ក្រសួងមិនផ្តល់លិខិត និងឧបករណ៍ឲ្យស្ថានបេសកកម្មយើងនៅក្រៅប្រទេសនោះ សម្រាប់ចេញលិខិតឆ្លងដែននោះទេ ទោះប្រភេទណាក៏ដោយ។ ហេតុនេះ ការចោទថាស្ថានអគ្គកុងស៊ុលចេញលិខិតឆ្លងដែនឲ្យបរទេស គឺជាការបកអាក្រាតភាពល្ងង់ខ្លៅនៃអ្នកចោទទៅវិញទេ។

៣- ការចោទថា ស្ថានអគ្គកុងស៊ុលរកចំណូលតាមរយះការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ដោយគ្មានបង្ហាញភស្ថុតាងអ្វីទាំងអស់នោះ គឺជាការបង្ខូចឈ្មោះ មួលបង្កាច់ទាំងស្រុង។ ម៉្យាងទៀតក៏ជាការមើលងាយដល់សមត្ថកិច្ចនៃអជ្ញាធររដ្ឋម្ចាស់ផ្ទះយ៉ាងងងើលដែរ។

ចំពោះការរត់ពន្ធមនុស្ស វាជាបញ្ហាដែលកើតមានសម្រាប់គ្រប់ប្រទេសនៅលើលោក។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្ថានទូត ស្ថានអគ្គកុងស៊ុលខ្មែរយើងទាំងអស់មិនមែនជាអ្នកប្រព្រឹត្តជំនួញទុច្ចរិតនេះទេ តែស្ថាប័នយើងជាអ្នកជួយទប់ស្កាត់ឧក្រិដ្ឋកម្មនេះនិងជួយសង្គ្រោះអ្នកដែលរងគ្រោះទៅវិញទេ។

ការការពារផលប្រយោជន៏ជាតិនិងប្រជាពលរដ្ឋយើងនៅក្រៅប្រទេស គឺជាភារកិច្ចស្នូលនិងសំខាន់បំផុតនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print