ក្រុមគ្រូពេទ្យនៅសេតវិមាន បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសុវត្ថិភាពទាំងស្រុង ហើយអាចវិលត្រឡប់ទៅចូលរួមក្នុងពិធីនានាក្នុងទីសាធារណៈបានចាប់ពីថ្ងៃទី ១០ខែតុលា ។
គ្រូពេទ្យព្យាបាលលោកត្រាំបានប្រកាសថា «ខ្ញុំជឿជាក់ថាប្រធានាធិបតីមានសុវត្ថិភាព អាចវិលត្រឡប់ទៅកាន់ទីសាធារណៈជួបមហាជនចាប់ពីថ្ងៃទី១០ខែតុលា»។ គ្រូពេទ្យឈ្មោះ Sean Conley បានលើកឡើងថា ស្ថានភាពសុខភាពរបស់ប្រធានាធិបតីល្អប្រសើរអាចចូលរួមកម្មវិធីនានានៅទីសាធារណៈបាន។
គ្រូពេទ្យ Sean Conley បានបន្តទៀតថា សុខភាពរបស់ប្រធានាធិបតីល្អប្រសើរមិនមានរោគសញ្ញាណាមួយស្តីពីកូវីដ-១៩នោះឡើយ។ ពាក់ព័ន្ធនឹងការតស៊ូមតិលើកទីពីរជាមួយបេក្ខភាពចូ បៃឌិន នឹងធ្វើឡើងតាមអនឡាញវិញដើម្បីសុវត្ថិភាព ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ គណបក្សប្រជាធិបតេយ្យអាមេរិក បានស្នើឱ្យបង្តើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យលើកាយសម្បទាលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាមានសមត្ថភាព ឬសុខភាពស័ក្តិសមដឹកនាំសេតវិមានដែរឬក៏យ៉ាងណា។
ប្រធានរដ្ឋសភាអាមេរិក លោកស្រីNancy Pelosi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី និងសមាជិកសភាតំណាងរាស្ត្រប្រជាធិបតេយ្យដទៃទៀត អាចនឹងធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយ ពាក់ព័ន្ធនឹងច្បាប់វិសោធនកម្មអាមេរិកទី២៥ ដែលមានចែងពីការអនុញ្ញាតឱ្យអនុប្រធានាធិបតីឡើងដឹកនាំសេតវិមាន ក្នុងករណីប្រធានាធិបតីមិនមានសមត្ថភាព ឬសុខភាពដែលស័ក្តិសមបំពេញភារកិច្ចរបស់ខ្លួន។ លោកស្រីបន្ថែមថា ប្រសិនបើចាំបាច់លោកស្រី ក៏នឹងស្វែងរកជម្រើសដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីដកលោកត្រាំ ចេញពីតំណែងតែម្ដងផងដែរ៕ ដោយ៖ធីរីណា