រដ្ឋាភិបាលប្រទេសបង់ក្លាដែស បានប្រកាសឲ្យដឹងថា បានទំនាក់ទំនងជាមួយភាគីរុស្ស៊ីដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ឲ្យបានឆាប់បំផុត។ នៅពេលនោះរុស្ស៊ី ក៏បានប្រកាសផ្តល់អាទិភាព ដល់បង់ក្លាដែស។
រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស លោក Abul Kalam Abdul Momen បានឲ្យដឹងថា «យើងបានទំនាក់ទំនងជាមួយរុស្ស៊ីស្តីពីបញ្ហាវ៉ាក់សាំង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់យើងបានទំនាក់ទំនងជាមួយសមភាគីរុស្សុីស្នើទិញវ៉ាក់សាំងឲ្យបានឆាប់បំផុត»។
រដ្ឋមន្ត្រីការបរទេស Abul Kalam Abdul Momen បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅ ទីក្រុងមូស្គូ បានស្នើដល់រុស្ស៊ីដាក់បញ្ចូលបង់ក្លាដែសស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលបានអាទិភាពផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេបង្អស់។
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានឲ្យដឹងថា រដ្ឋាភិបាលនិឹងធ្វើគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋរួចផុតពីជំងឺឆ្លងកូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានឲ្យដឹងទៀតថា «យើងពិតជាសម្បាយរីករាយយ៉ាងខ្លាំង ដោយសារតែរុស្ស៊ីស្ថិតនៅក្នុងដំណាក់កាលចុងក្រោយបំផុតក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ យើងសូមជូនពរក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ទទួលបានលទ្ធផលល្អក្នុងការស្រាវជ្រាវ និងលះបង់ជាច្រើននៅក្នុងវិស័យនេះ»។
វ៉ាក់សាំង Sputnik V របស់រុស្ស៊ីទទួលបានការបញ្ជាទិញពី៥០ ប្រទេសជុំវិញពិភពលោកនូវវ៉ាក់សាំងដល់ទៅ១,២ពាន់លានដូស ក្នុងដំណាក់កាលឆ្នាំ២០២០-២០២១ ៕ដោយ៖ធីរីណា