ទាំងយប់ លោករដ្ឋមន្ត្រី លឹម គានហោ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិច នៅ ក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃសុក្រ ៧រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ។

សូមជម្រាបជូនថា ៖ បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើជន់លិចក្រុងពោធិ៍សាត់អស់មួយផ្នែក ។

ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក(ទ្វា 04 ) នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ  ហើយទម្លាក់ចូលទៅបឹងទន្លេសាប ។

បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិ៍សាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print