អន្តរជាតិ៖ បើតាមការប្រកាសលទ្ធផលពីក្រុងអូស្លូ ប្រទេសន័រវេស កាលពីថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២០ ថា៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានពានណូបែលសន្តិភាពឆ្នាំ២០២០។ ដោយគំនិតផ្ដួចផ្ដើមរបស់ UN នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ហើយបច្ចុប្បន្នផ្ដល់ស្បៀងអាហារដល់មនុស្ស៩០លាននាក់រៀងរាល់ឆ្នាំ។
បើតាមអ្នកស្រី Berit Reiss-Andersen ប្រធានគណៈកម្មាធិការណូបែលន័រវែស បានកត់សម្គាល់ពីផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ-១៩លើការផ្គត់ផ្គង់ស្បៀងអាហារសកល។ ក្នុងពីធីប្រកាសលទ្ធផលនេះ អ្នកស្រីសង្កត់ធ្ងន់ថា៖«ស្បៀងអាហារគឺជាថ្នាំវ៉ាក់សាំងដ៏ល្អបំផុតប្រឆាំងនឹងភាពចលាចល»។
សម្រាប់ពានរង្វាន់ណូបែលសន្តិភាពលើកទី១០១នេះ ត្រូវបានប្រគល់ឲ្យកម្មវិធីស្បៀងអាហារពិភពលោក «សម្រាប់កិច្ចប្រឹងប្រែងខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន សម្រាប់ការរួមចំណែកក្នុងការធ្វើស្ថានការណ៍កាន់តែល្អប្រសើរដើម្បីសន្តិភាពក្នុងតំបន់រងគ្រោះដោយសារជម្លោះ និងសម្រាប់ការធ្វើជា កម្លាំងជំរុញក្នុងកិច្ចប្រឹងប្រែងបង្ការការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមនិងជម្លោះ»។
សមជម្រាបថា បេក្ខជនពានរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំនេះ មានរហូតដល់ ៣១៨ នាក់/ស្ថាប័ន ដែលជាតួលេខច្រើនលំដាប់ទី៤ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនោះ បុគ្គលមាន២១១នាក់ និងអង្គការ១០៧ស្ថាប័ន។ រីឯប្រាក់រង្វាន់១,១លានដុល្លារ និងមេដាយមាសនឹងត្រូវប្រគល់ឲ្យអ្នកឈ្នះនៅកម្មវិធីមួយដែលគ្រោងរៀបចំឡើងនាថ្ងៃទី ១០ ខែធ្នូ ក្នុងទីក្រុង អូស្លូ នៃប្រទេសន័រវែស ហើយថ្ងៃនេះគឺខួបមរណភាពរបស់លោក អាល់ហ្វ្រែត ណូបែល (Alfred Nobel) ដែលដាក់ជាឈ្មោះពានរង្វាន់នេះ។
ដោយឡែកនៅមុនការប្រកាស បេក្ខជនឈានមុខដែលគេរំពឹងថាឈ្នះពានរង្វាន់សន្តិភាពឆ្នាំ២០២០នេះ មានដូចជា៖ អង្គារសុខភាពពិភពលោក យុវតី១៧ឆ្នាំ Greta Thunberg ដែលជាសកម្មជនបរិស្ថានជនជាតិស៊ុយអែត, អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Alexei Navalny មេដឹកនាំប្រឆាំងរុស្ស៊ី និងអ្នកស្រី Loujain al-Hathloul សកម្មជនទាមទារសិទ្ធិស្ត្រីជនជាតិអារ៉ាប៊ីសាអូឌីតនិងអង្គការមួយចំនួនទៀតផងដែរ រួមមាន អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន និងគណៈកម្មាធិការការពារអ្នកកាសែតជាដើម។
គួរបញ្ជាក់ថា លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី កាលពីឆ្នាំមុន ក៏បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩ សម្រាប់ការផ្ដួចផ្ដើមដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង អេរីត្រេ ។ ដូចរាល់ឆ្នាំដែរ ការប្រកាសជ័យលាភីឆ្នាំ២០១៩ ក៏រងការរិះគន់ផងដែរ ដោយអះអាងនាយករដ្ឋមន្ត្រីនៅតំបន់អាហ្វ្រិករូបនេះមិនសក្ដិសមឡើយ៕ដោយ៖ស តារា