ដូណាល់ត្រាំ៖ ចិនត្រូវតែទទួលខុសត្រូវ​ដែលទុកឲ្យកូវីដ​-១៩​ឆ្លងរាលដាល​ជុំវិញពិភពលោក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កំពុងពិចារណាទៅលើវិធានការបង្ខំឲ្យចិនត្រូវតែទទួលខុសត្រូវ ដែលទុកឲ្យកូវីដ​-១៩​ឆ្លងរាលដាលនៅលើពិភពលោក​។ ការប្រកាសខាងលើ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់នៅក្នុងបទសម្ភាស​ន៍របស់កម្មវិធី “Larry O’Connor Show” កាលពីថ្ងៃទី ៩ខែតុលា ។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា កូវីដ​-១៩ បានឆ្លងរាលដាលដល់មនុស្សជាង​៣៧លាននាក់ជុំវិញពិភពលោក​ និងស្លាប់ជាង​១លាននាក់ ធ្វើឲ្យពលរដ្ឋរាប់រាប់សិបលាននាក់បាត់បង់ការងារធ្វើ​។ សេដ្ឋកិច្ចអាមេរិកខាតបង់រាប់ពាន់ពាន់លានដុល្លារ​។ កន្លងមកក្រោយចេញពីមន្ទីរពេទ្យ លោកត្រាំ ក៏បានបន្តហៅវីរុសកូវីដ​-១៩ ថាជាវីរុសចិនដដែល​ ដោយលោកច​ង់ឲ្យចិនទទួលខុសត្រូវក្នុងរឿងនេះ។
ចំណែកចិន​វិញសង្ឃឹមថា ក្រុមអ្នកនយោបាយអាមេរិកមួយចំនួន នឹងបញ្ឈប់ការស្តីបន្ទោស និងទម្លាក់កំហុសលើប្រទេសដទៃ ជុំវិញការរីករាលដាលនៃជំងឺ COVID-19 ព្រោះថាវា នឹងមិនអាចបញ្ជៀសជំងឺមួយនេះ ឬក៏ជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 បានឡើយ។
មន្ត្រីការបរទេសចិន បានបញ្ជាក់ថា យុទ្ធសាស្រ្ត កាលបរិចេ្ឆទ និងសមិទ្ធផលដែលប្រទេសចិនសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺ COVID-19 ហើយភាពជោគជ័យទាំងអស់នេះអាចសម្រេចបានស្របតាមអនុវត្តតាមបែបវិទ្យាសាស្ត្រ និងការណ៍ពិត រួមជាមួយនឹងការប្តេជ្ញាក្នុងការដាក់ជិីវិតមនុស្សជាអាទិភាពចម្បង។
តាមគេហទំព័រ Worldometers គិតមកដល់វេលាម៉ោង ២០ ថ្ងៃទី ១០ខែតុលា នៅទូទំាងពិភពលោកមានអ្នកឆ្លងជាង​៣៧,១លាននាក់ ស្លាប់ ១,០៧លាននាក់ និងជាសះស្បើយជាង ២៧,៩លាននាក់​។ អាមេរិកឈរលំដាប់លេខមួយមានអ្នកឆ្លងជាង​៧,៨លាននាក់ និងស្លាប់ជាង​២១៨ពាន់នាក់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print