Updated: នគរបាលខេត្ដកណ្ដាលបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធនៅស្រុកពញាឮឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតកាំភ្លើង៣ដើម

ចែករំលែក៖

 

កណ្ដាលៈ ក្រោយពីមានករណីក្រុមចោរប្លន់ប្រដាប់អាវុធធ្វើសកម្មភាពប្លន់ស្រ្ដី២នាក់ម្ដាយកូននៅស្រុកពញាឮរួចមក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ដកណ្ដាលក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ​ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ឈានដល់ឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធបាន៣នាក់ ដកហូតកាំភ្លើង៣ដើមនិងសម្ភារៈពាក់ព័ន្ធជាច្រើន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការនគរបាលខេត្ដកណ្ដាលលោកឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន បានថ្លែងថាក្រុមចោរ៣នាក់ដែលត្រូវបានចាប់ខ្លួន ទី១ឈ្មោះ ទ្រី សុភីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រូឡាន មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ត្រូបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨និង៤៥នាទីព្រឹក ទី២ឈ្មោះ សេង ដា ហៅស្វូញ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់និងជាជាងពិតាន មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨និង០០នាទីព្រឹក (ជនសង្ស័យរូបជាអតីតកូនប្រសារជនរងគ្រោះ) ទី៣ ឈ្មោះ មាន វាសនា ហៅជៀស ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្ដីយោធាបំរើការងារនៅតំបន់ប្រតិបត្ដិការសឹករងខេត្ដកំពុងស្ពឺ មានតួនាទីជាជំនួយការការិយាល័យ មានឋានន្ដរស័ក្ដិអនុសេនីយ៏ទោ (ស័ក្ដិ២) មានទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១១និង៥៨នាទី ។

លោកឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន បានថ្លែងបញ្ជាក់ទៀតថា ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរទាំង៣នាក់នេះជាបន្ដបន្ទាប់ ដកហូតបានកាំភ្លើងខ្លី២ដើម កាំភ្លើងអាការបត់១ដើម គ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងវត្ថុតាងជាច្រើនទៀតដែលជារបស់ក្រុមចោរនិងជារបស់ជនរងគ្រោះដែលប្លន់បាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

គួរំឮកថាកាលពីវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ មានករណីក្រុមចោរប្លន់ប្រដាប់អាវុធធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយមួយកន្លែងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញឮ ខេត្ដកណ្ដាល យកអស់ទ្រព្យសម្បត្ដិមួយចំនួន ។ ជនរងគ្រោះជាម្ចាស់ផ្ទះមានគ្នា២នាក់ ទី១ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទី២ឈ្មោះ សេង វ៉ាន់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ។ ស្រ្ដីរងគ្រោះទាំង២នាក់ត្រូវជាម្ដាយនិងកូនបច្ចុប្បន្នរស់នៅក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ៕

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print