ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទូទាំងខេត្ត មេត្តាជ្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយ កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម(Active Law) នៅ ចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រប្រួលជាបន្តបន្ទាប់។ លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុង ភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ។ យោងតាមស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមមន្ទីរ អង្គភាព កងកំលាំង ប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ សុខ ខេមរា