ប៉ុន្មានថ្ងៃចុងក្រោយនេះមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ជាថ្មីក្នុងតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស បារាំង ពិសេស គឺប្រទេសរុស្ស៊ី ដែលជាប្រទេសទទួលបានជោគជ័យមុនគេបង្អស់ ក្នុងការផលិតវ៉ាក់សាំងប្រឆាំង កូវីដ១៩ ។ នៅពេលនេះចំនួនអ្នកឆ្លងក្នុង១ថ្ងៃមានដល់ទៅ ១៣,៦៣៤ករណី និងស្លាប់ ១៤៩នាក់បន្ថែមទៀត។
ការឆ្លងកើនឡើងខ្ពស់នោះនឹងជំរុញឲ្យរុស្ស៊ីប្រើប្រាស់ វ៉ាក់សាំង ប្រឆាំង កូរវីដ១៩ ឲ្យបានឆាប់បំផុត។ កន្លងមក រុស្ស៊ីមានគម្រោងចាក់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ដល់ពលរដ្ឋទូទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខណៈវ៉ាក់សាំងស្ថិតនៅក្នុងដំណាក់កាលសាកល្បងចុងក្រោយបង្អស់។
សារព័ត៌មាន CNA នៅថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរុស្សី នៅថ្ងៃទី១១ខែតុលា បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ រុស្ស៊ីបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ១៣,៦៣៤ករណីបន្ថែម ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានពីមុនមក ខណៈករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនជិតដល់ ១លាន ៣សែនករណីហើយ។ ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ១៤៩នាក់ទៀតដែលត្រូវបានកត់ត្រាផងដែរ។ ប្រការនេះនាំឲ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ២២,៥៩៧នាក់។
អាជ្ញាធររុស្សី បានណែនាំប្រជាជនរបស់ខ្លួនឲ្យអនុវត្តវិធានការ «ស្ថិតនៅផ្ទះ» នៅចុងសប្តាហ៍នេះខណៈអាជ្ញាធរក្រុងម៉ូស្គូ ក៏កំពុងពិចារណាលើការបិទបារ និងក្លិបរាត្រីដើម្បី បញ្ឈប់ការឆ្លងរាលដាលនៃរលកទី២ (COVID-19) នេះផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី បាននិយាយថាប្រទេសនេះសង្ឃឹមថា នឹងអាចចាប់ផ្តើមដំណើការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនដែលបានចុះបញ្ជីរួចហើយនោះ ជាលក្ខណៈទ្រង់ទ្រាយធំនៅចុងខែតុលា ឬដើមខែវិច្ឆិកា។ ប្រទេសរុស្សីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,២៩៨,៧១៨ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៥៩៧នាក់ និងជាសៈស្បើយ ១,០២០,៤៤២នាក់៕ ដោយ៖ធីរីណា