​ជនជាតិ​ចិន​៦០​នាក់​ និង​​ទូក​នេសាទ​៦​គ្រឿង ត្រូវអាជ្ញាធរ​ម៉ាឡេស៊ី ចាប់ឃាត់ខ្លួនក្រោយ​លួច​ចូល​ដែនទឹក​ខុសច្បាប់​

ចែករំលែក៖

អន្តរជាតិ៖ ជនជាតិ​ចិន​៦០​នាក់​ និង​​ទូក​នេសាទ​៦​គ្រឿង បន្ទាប់ពីលួច​បើកចូល​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត​ ក៏ត្រូវបានអាជ្ញាធរ​លំហ​សមុទ្រ​ម៉ាឡេស៊ី ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ ​។

បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បាននិយាយថា ទីភ្នាក់ងារ​អនុវត្ត​លំហ​សមុទ្រ​ម៉ាឡេស៊ី (MMEA) គូសបញ្ជាក់ថា ទូក​នេសាទ​ចិន​និង​មនុស្ស​លើ​នោះ ត្រូវបាន​ឃាត់ទុក​ក្នុង​ប្រតិបត្តិការ​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​រដ្ឋ Johor កាលពី​ថ្ងៃទី​៩ ខែតុលា​។

​បើតាមលោក Mohd Zulfadli Nayan បាន​លើកឡើងនៅក្នុង​សេចក្តីថ្លែងការណ៍ថា៖ ក្រោយ​ការត្រួតពិនិត្យ ទូក​នេសាទ​ទាំង​៦​គ្រឿង​នេះបាន​ចុះឈ្មោះ​នៅក្នុង​ខេត្ត Qinhuangdao នៃ​ប្រទេស​ចិន ហើយ​មាន​មនុស្ស​លើ​នោះ​៦០​នាក់ ។ ពួកគេ​សុទ្ធតែ​ជនជាតិ​ចិន ដែលមាន​អាយុ​ចន្លោះ​ពី​៣១​ឆ្នាំ និង​៦០​ឆ្នាំ​។

ទីភ្នាក់ងារ​អនុវត្ត​លំហ​សមុទ្រ​ម៉ាឡេស៊ី (MMEA) បានបញ្ជាក់ថា ទូក​នេសាទ​នេះ គ្មាន​ដឹកទំនិញ​អ្វី​លើ​នោះឡើយ នៅពេល​អាជ្ញាធរ​រឹបអូសហើយ​មាន​ទិសដៅ​ឆ្ពោះទៅកាន់ប្រទេស​នៅ​តំបន់​អាហ្វ្រិក ម៉ូ​រីតា​នី​។

បើតាម​អាជ្ញាធរ​ម៉ាឡេស៊ី ព្រោះតែទូក​នេសាទ​ទាំងនោះ​ទៅមុខ​លែងរួច ដោយសារ​មាន​បញ្ហា​ម៉ាស៊ីន​។

សូមជម្រាបថា កាលពីដើមឆ្នាំ​២០២០​នេះ នាវា​ស្រាវជ្រាវ​ចិន​មួយគ្រឿង បាន​ចំណាយពេល​១​ខែ​ពេញ​ប្រតិបត្តិ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់​ម៉ាឡេស៊ី ទោះ​កំពុង​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ពាក់ព័ន្ធ​នឹង​នាវា​រុករក​ប្រេង​ម៉ាឡេស៊ី​មួយគ្រឿង​នៅក្បែរ​សមុទ្រ​ជម្លោះ​។

​គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បាន​រាយការណ៍​ករណី​លួច​ឆ្លង​ចូល​ដែនទឹក​ម៉ាឡេស៊ី​ពី​សំណាក់​នាវាចម្បាំង​និង​នាវា​ល្បាត​ចិន​ចំនួន​៨៩​លើក​ហើយ ចន្លោះ​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៩ ក្នុង​បរិបទ​នៃ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ជុំវិញ​ការទាមទារ​ស្ទើរ​ទាំង​ស្រុក​របស់​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ពោរពេញ​ដោយ​ធនធានធម្មជាតិ និង​ជា​ផ្លូវទឹក​ពាណិជ្ជកម្ម​ដ៏​សំខាន់​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print