អន្តរជាតិ៖ បើតាមការអះអាងពីអាជ្ញាធរថៃ បានប្រកាសថា៖នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ នៅម៉ោងប្រហែល៨ព្រឹក នៅស្ថានីយ៍ Khlong Khwaeng Klan ក្នុងខេត្ត Chachoengsao ដែលមានចម្ងាយ៥០គីឡូម៉ែត្រភាគខាងកើតនៃរាជធានី នៅក្បែរទីក្រុងបាងកក ប្រទេសថៃមានករណីរថភ្លើង បានបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តក្រុងមួយគ្រឿង បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២០នាក់បាត់បង់ជីវិត និងជាង២០នាក់ផ្សេងនាក់ទៀត រងបួស ។
បើតាមការអះអាងពីមន្រ្តីប៉ូលីស បានបញ្ជាក់ថា អ្នកដំណើរប្រមាណ ៦០នាក់ បានជិះលើរថយន្តក្រុងនោះ ដែលធ្វើដំណើរទៅកាន់ព្រះវិហារមួយក្នុងខេត្តនេះសម្រាប់ទៅធ្វើពីធីបុណ្យសាសនាព្រះពុទ្ធ។ ខណៈដែលរថយន្តក្រុងមួយគ្រឿង ក៏បានបើកបរនៅលើផ្លូវដែក នៅពេលនោះរថភ្លើង បានបុកទាំងកំរោលតែម្តង ព្រោះតែផ្លូវនេះគ្មានរណាំងដាក់ការពារឡើយ នៅពេលរថភ្លើងធ្វើដំណើរដល់ចំណុចគ្រោះថ្នាក់នេះ។
ដោយឡែកអភិបាលខេត្តChachoengsao លោក Maitree Tritilanond ប្រាប់អ្នកសារព័ត៌មាន AFP ថា មកទល់ពេលនេះ មនុស្សយ៉ាងតិច២០នាក់ស្លាប់និង២៩រងរបួស ហើយចំនួនអ្នកស្លាប់ និងរងរបួសរំពឹងបន្តកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណាការិយាល័យបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយថៃប្រចាំខេត្ត Chachoengsao បានអះអាងថា មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយសមត្ថកិច្ច។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់បែបនេះ កើតឡើងជារឿយៗនៅប្រទេសថៃ ហើយមូលហេតុភាគច្រើនគឺមកពីការបើកបរលើសល្បឿនកំណត់ បើកបរដោយមានជាតិស្រវឹង និងការអនុវត្តច្បាប់ធូររលុងពីសំណាក់អាជ្ញាធរ។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៨របស់អង្គការសុខភាពពិភពលោក ថៃ មានអត្រាអ្នកស្លាប់ខ្ពស់លំដាប់ទី២ ក្នុងពិភពលោក៕ដោយ៖ស តារា