រូងក្រោមដីសម្រាប់ភៀសខ្លួននៅទីក្រុង វូហាន ពេលមានសង្គ្រាមបរមាណូ

ចែករំលែក៖

កម្រមានអ្នកណាដឹងណាស់ថា ចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួនពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ​។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំង​មួយក្នុងទីក្រុង​វូហាន ។
នៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិន​និងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាពនៃសង្គ្រាមបរមាណូអាចនិឹងផ្ទុះឡើងគ្រប់ពេល​។ មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ។
បណ្តាញ​រូងក្រោមដីដ៏ល្បីបំផុតគឺនៅទីក្រុងប៉េកាំង​ ប៉ុន្តែនៅមានរូងក្រោមដី​តិចណាស់ដែលមានអ្នកណាដឹង​​នោះគឺ រូងក្រោមដី១៣១នៅជិតទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ទុះកូវីដ​-១៩​ដំបូងគេបង្អស់។
រូងក្រោមដីនោះមានចម្ងាយពីទីក្រុង វូហាន ៨០ គីឡូម៉ែត្រ ​ដោយមានប្រវែង​៤៥៦ម៉ែត្រ ។ នៅថ្ងៃទី​៣១ ខែមករា ឆ្នាំ​១៩៦៩ មេដឹកនាំចិន បានចេញបញ្ជាឲ្យសាងសង់បណ្តាញរូងក្រោមដីទុកធ្វើជាទីបញ្ជាការកម្លាំងទាហានចិន ពេលមានសង្គ្រាមបរមាណូកើតឡើង។ រូងក្រោមដីនោះមានឈ្មោះថា​គម្រោង​១៣១ គឺយកតាមពេលវេលា​«ថ្ងៃទី​៣១/១។​
នៅពេលនោះអគ្គមេបញ្ជាការកងទ័ពបដិវត្តន៍ប្រជាជនចិន​លោកHuang Yongshengបានបញ្ជានិងដឹកនាំផ្ទាល់ក្នុងគម្រោងកសាងរូងក្រោមដី១៣១។ រូងក្រោមដីនោះសាងសង់ក្រោម​​ភ្នំ ដោយមានបន្ទប់ប្រជុំ​ និងទីបញ្ជាការ ទំនាក់ទំនងជាមួយ​ថ្នាក់ដឹកនាំមន្ត្រីយោធា នៅខាងក្រៅ។
ប៉ុន្តែពីរឆ្នាំក្រោយមក ដោយមានបញ្ហា រូងក្រោមដីនោះត្រូវបាន បោះបង់ចោលរហូតមកទល់ពេលនេះ​។ បច្ចុប្បន្នទីតាំងនោះត្រូវបានមន្ត្រីក្នុងតំបន់ប្រែក្លាយទៅជាទីតាំងសម្រាប់ទេសចរណ៍ទាក់ទាញបំផុត​។
ចំណែករូងក្រោមដីនៅទីក្រុងប៉េកាំងវិញមានទំហំធំ ត្រូវបានគេចាត់ទុកថាជាទីក្រុង​ក្រោមដី​ដ៏ទំនើបបំផុត។​​ ទីតាំងនោះបានសាងសង់ឡើងដោយមានពលរដ្ឋនៅទីក្រុង ប៉េកាំងដល់ទៅ​៣ម៉ឺននាក់ចូលរួម​។ រូងក្រោមដីក្នុងទីក្រុងប៉េកាំង​មាន បន្ទប់លេណដ្ឋាន ដល់ទៅ​១មឺុន សម្រាប់លាក់ខ្លួនពេលមានសង្គ្រាមបរមាណូ ។ ក្រៅពីនេះក៏មានភោជនីយដ្ឋាន រោងភាពយន្ត ឃ្លាំងស្តុកទំនិញ រោងចក្រ​… និយាយរួមគឺមានគ្រប់គ្រាន់សម្រាប់មនុស្សរស់នៅក្រោមដី ដល់ទៅ ៦លាននាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print