កម្រមានអ្នកណាដឹងណាស់ថា ចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួនពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំងមួយក្នុងទីក្រុងវូហាន ។
នៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិននិងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាពនៃសង្គ្រាមបរមាណូអាចនិឹងផ្ទុះឡើងគ្រប់ពេល។ មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ។
បណ្តាញរូងក្រោមដីដ៏ល្បីបំផុតគឺនៅទីក្រុងប៉េកាំង ប៉ុន្តែនៅមានរូងក្រោមដីតិចណាស់ដែលមានអ្នកណាដឹងនោះគឺ រូងក្រោមដី១៣១នៅជិតទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ទុះកូវីដ-១៩ដំបូងគេបង្អស់។
រូងក្រោមដីនោះមានចម្ងាយពីទីក្រុង វូហាន ៨០ គីឡូម៉ែត្រ ដោយមានប្រវែង៤៥៦ម៉ែត្រ ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៩ មេដឹកនាំចិន បានចេញបញ្ជាឲ្យសាងសង់បណ្តាញរូងក្រោមដីទុកធ្វើជាទីបញ្ជាការកម្លាំងទាហានចិន ពេលមានសង្គ្រាមបរមាណូកើតឡើង។ រូងក្រោមដីនោះមានឈ្មោះថាគម្រោង១៣១ គឺយកតាមពេលវេលា«ថ្ងៃទី៣១/១។
នៅពេលនោះអគ្គមេបញ្ជាការកងទ័ពបដិវត្តន៍ប្រជាជនចិនលោកHuang Yongshengបានបញ្ជានិងដឹកនាំផ្ទាល់ក្នុងគម្រោងកសាងរូងក្រោមដី១៣១។ រូងក្រោមដីនោះសាងសង់ក្រោមភ្នំ ដោយមានបន្ទប់ប្រជុំ និងទីបញ្ជាការ ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំមន្ត្រីយោធា នៅខាងក្រៅ។
ប៉ុន្តែពីរឆ្នាំក្រោយមក ដោយមានបញ្ហា រូងក្រោមដីនោះត្រូវបាន បោះបង់ចោលរហូតមកទល់ពេលនេះ។ បច្ចុប្បន្នទីតាំងនោះត្រូវបានមន្ត្រីក្នុងតំបន់ប្រែក្លាយទៅជាទីតាំងសម្រាប់ទេសចរណ៍ទាក់ទាញបំផុត។
ចំណែករូងក្រោមដីនៅទីក្រុងប៉េកាំងវិញមានទំហំធំ ត្រូវបានគេចាត់ទុកថាជាទីក្រុងក្រោមដីដ៏ទំនើបបំផុត។ ទីតាំងនោះបានសាងសង់ឡើងដោយមានពលរដ្ឋនៅទីក្រុង ប៉េកាំងដល់ទៅ៣ម៉ឺននាក់ចូលរួម។ រូងក្រោមដីក្នុងទីក្រុងប៉េកាំងមាន បន្ទប់លេណដ្ឋាន ដល់ទៅ១មឺុន សម្រាប់លាក់ខ្លួនពេលមានសង្គ្រាមបរមាណូ ។ ក្រៅពីនេះក៏មានភោជនីយដ្ឋាន រោងភាពយន្ត ឃ្លាំងស្តុកទំនិញ រោងចក្រ… និយាយរួមគឺមានគ្រប់គ្រាន់សម្រាប់មនុស្សរស់នៅក្រោមដី ដល់ទៅ ៦លាននាក់ ៕