អន្តរជាតិ៖ បុរសជនជាតិតៃវ៉ាន់ម្នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍រដ្ឋចិននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដែលត្រូវបានឃុំខ្លួននៅប្រទេសចិន ដោយអាជ្ញាធរចោទប្រកាន់ថា បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន ។ បន្ទាប់ពីរូបគេបានសារភាពថា បានថតវីដេអូសមយុទ្ធយោធា ដោយគ្មានការអនុញ្ញាតក្នុងទីក្រុងមួយជាប់ព្រំដែនទីក្រុងហុងកុង អំឡុងបាតុកម្មនៅទីនោះកាលពីឆ្នាំមុន។
បើតាមការអះអាងពីសាច់ញាតិបុរសតៃវ៉ាន់ខាងលើឈ្មោះលី ម៉េងជូ (Lee Meng-chu) បាននិយាយថា រូបលោកបានបាត់ខ្លួនក្រោយឆ្លងកាត់ពីទីក្រុងហុងកុងទៅកាន់ទីក្រុង Shenzhen កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩។ ព្រោះកាលនោះ ទីក្រុងហុងកុង បានស្ថិតក្នុងភាពវឹកវរដោយសារការធ្វើបាតុកម្មទ្រង់ទ្រាយធំរាប់ខែប្រឆាំងនឹងច្បាប់មួយដែលអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិន ប្រឆាំងរដ្ឋាភិបាលហុងកុង និងរដ្ឋាភិបាលចិន។
ជាក់ស្តែងនៅពេលនោះដែរ កងទ័ពចិនរាប់ពាន់នាក់ បានប្រមូលផ្ដុំក្នុងកីឡដ្ឋានមួយកន្លែងក្នុងទីក្រុង Shenzhen សម្រាប់កម្ដៅសាច់ដុំ អមជាមួយនឹងរថយន្តយោធាជាច្រើន។ ទង្វើនេះ បាននាំឲ្យមានសង្ស័យថា រដ្ឋាភិបាលចិននឹងដាក់ពង្រាយកងទ័ពធ្វើអន្តាគមន៍ដើម្បីបង្ក្រាបបាតុកម្មក្នុងទីក្រុងហុងកុង ។
លោក Lee បាននិយាយក្នុងទូរទស្សន៍រដ្ឋ CCTV ដែលចុះផ្សាយនៅថ្ងៃទី ១១ ខែតុលាថ្មីៗនេះថា «ខ្ញុំទាញទូរសព្ទខ្ញុំយកទៅថតវីដេអូមួយចំនួន» ហើយលោកសុំទោសចំពោះទង្វើខុសឆ្គងនេះ។
បើយោងតាមទូរទស្សន៍រដ្ឋ CCTV បានបញ្ជាក់ថា បុរសតៃវ៉ាន់រូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុង Shenzhen សម្រាប់គោលបំណងសំខាន់តែមួយគត់ គឺឃ្លាំមើលការចល័តកងទ័ពចិន។ លោកត្រូវបានរាយការណ៍ថា ថតវីដេអូសរុប១៦វីដេអូ និងថតរូបភាព៤៨សន្លឹក នៅជុំវិញកីឡដ្ឋាននោះ។ ក្រោយបានចែករំលែកលើអ៊ីនធឺណិតរួច លោកត្រូវបានរាយការណ៍ថា ត្រូវចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ច។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានចោទប្រកាន់ក្រុងប៉េកាំងថា ជារឿយៗចាប់បង្ខំឲ្យជនដែលខ្លួនចាប់ឃុំឃាំងឲ្យចេញមុខសារភាពទោសកំហុសជាសាធារណៈលើទូរទស្សន៍រដ្ឋខ្លួន។ ក្នុងប្រទេសចិន ប្រព័ន្ធតុលាការ ត្រូវបានមើលឃើញថា ស្ថិតក្រោមឥទ្ធិពលរបស់បក្សកុម្មុយនីស្តចិន៕ដោយ៖ស តារា