រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​លរបស់ខ្លួន ​ក្នុងការ​ឆ្លើយតប​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង

ចែករំលែក៖

អន្តរជាតិ៖ នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញនេះ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato ប្រកាសថា៖ រដ្ឋាភិបាល​ជប៉ុន បានប្តេជ្ញា​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​ល ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដោយ​សព្វាវុធ​របស់​កូរ៉េខាងជើង ដែល​ក្រុង​តូ​ក្យូ​ចាត់ទុកថា​មាន​លក្ខណៈ​កាន់តែ​ចម្រុះ​និង​ស្មុគស្មាញ​។ ចំពោះការតាំង​ចិត្ត​នេះ​ធ្វើឡើង​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ បានធ្វើ​ព្យុហយាត្រា​ដ៏​សម្បើម​មួយ​កាលពី​ចុង​សប្ដាហ៍មុន ដែល​ដាក់​បង្ហាញ​សព្វាវុធ​កាន់តែ​មានអំណាច​ជាង​មុន​។ នេះបើតាមការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP ។​

លោកប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុនរូបនេះ បាននិយាយថា៖ «​ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដែលមាន​លក្ខណៈ​ចម្រុះ​និង​ស្មុគស្មាញ​នេះ យើង​នឹង​ធ្វើការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​គ្រប់​ជ្រុងជ្រោយ​របស់​យើង​»​។ បន្ថែមពីនេះលោកKato បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន ទទួលស្គាល់ថា សមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​ជប៉ុន នៅមានកម្រិត​ក្នុងការ​ឆ្លើយតប​ប្រឆាំង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។

ទោះជា​យ៉ាងក្តី លោកប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុនរូបនេះ បា​នប​ដិ​សេធ​លម្អិត​លើ​ការវាយតម្លៃ​របស់​ជប៉ុន​លើ​សមត្ថភាព​មី​ស៊ី​ល​ដែល​ដាក់​បង្ហាញ​ដោយ​កូរ៉េខាងជើង​។ ដោយលោក​ បានសង្កត់ធ្ងន់ថា ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ការពារ​ប្រជាជន​ជប៉ុន​។

សូមជម្រាបថា នៅ​ថ្ងៃទី​១០ ខែតុលាសប្ដាហ៍មុន កូរ៉េខាងជើង បានធ្វើ​ព្យុហយាត្រា​យោធា​ដ៏​សម្បើម​ដើម្បី​ប្រារព្ធ​ខួប​ទី​៧៥​ឆ្នាំ​នៃ​ការបង្កើត​បក្ស​ពលករ ដែល​បក្ស​កាន់អំណាច និង​បក្សនយោបាយ​តែមួយគត់​ក្នុងប្រទេស​នេះ​។ ក្នុង​ក្បួនព្យុហយាត្រា​នេះ កូរ៉េខាងជើង បាន​សម្ញែង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​(ICBM) ដែលមាន​ទំហំ​ធំ​ជាង​អ្វីដែល​ក្រុង​ព្យុងយ៉ាង​ធ្លាប់​ដាក់​បង្ហាញ​កន្លងមក ហើយក៏​មាន​ដាក់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ផងដែរ​។

គួររម្លឹកផងដែរថា ក្រោម​ការដឹកនាំ​ជិត​៨​ឆ្នាំ​របស់​អតីត​នាយករដ្ឋមន្ត្រី អា​បេ ស៊ិន​ហ្សូ ប្រទេសជប៉ុន​បាន​ពង្រីក​តួនាទី​លើ​ឆាក​អន្តរជាតិ​របស់​យោធា​ខ្លួន ក្រោម​សម្ព័ន្ធភាព​សន្តិសុខ​ជប៉ុន​-​សហរដ្ឋអាមេរិក ព្រមទាំង​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ​រៀងរាល់ឆ្នាំ​ផងដែរ​។ ចំណែកអ្នក​ស្នង​តំណែង​ពី​លោក​អា​បេ គឺនាយករដ្ឋមន្ត្រីថ្មី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ និង​រដ្ឋាភិបាល​លោក​ក៏​រំពឹង​បង្កើត​គម្រោង​មី​ស៊ី​ល​ថ្មី​មួយនា​ចុងឆ្នាំ​នេះ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print