ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលានេះ ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ បានបាក់ហើយដោយសារទឹកហូរ ពេលមេឃកំពុងភ្លៀង។ នេះបើយោងតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពសារព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
ដោយសារស្ថានភាពបែបនេះ លោកអភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសប្រជាពលរដ្ឋក្នុងឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងខ្យា និងមហាសាង នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកអភិបាលក៏បានត្រៀមរួចជាស្រេច ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កាន់តែខ្លាំងឡេីង។ ដោយឡែកនៅខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លុយទឹកចែកអំណោយ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកកណ្តៀង។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ឆ្លៀតសាកសួរពីបញ្ហាប្រកបរបរជីវិតរបស់ប្រជាពលរដ្ឋម្នាក់ និងបានស្តាប់ឮពីការខ្វះខាតដីរបស់ប្រជាពលរដ្ឋរូបនេះផងដែរ។
លោកទេសរដ្ឋមន្ត្រីបានណែណាំពលរដ្ឋរូបនេះជួបអភិបាលខេត្ត ដេីម្បីរកដីទុកដាំដុះជួយទ្រទ្រង់ជីវភាព៕
ដោយ៖ សិលា