អន្តរជាតិ៖ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង COVID-19 ឲ្យប្រទេសកំពុងអភិវឌ្ឍន ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (WB) កាលពីថ្ងៃទី១៣ ខែតុលាថ្មីៗនេះ បានអនុម័តកញ្ចប់ថវិកា១២ពាន់លានដុល្លារ។ ដោយកញ្ចប់ថវិកាទាំងនេះ ក៏រួមបញ្ចូលការទិញឧបករណ៍ធ្វើតេស្ត និងការព្យាបាលអ្នកផ្ទុកជំងឺ COVID-19 ផងដែរ។
ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៣ ខែតុលា ធនាគារពិភពលោកWB បានលើកឡើងថា៖ កម្មវិធីហិរញ្ញវត្ថុនេះរួមមានការគាំទ្របច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីរៀបចំការចែកចាយវ៉ាក់សាំងទ្រង់ទ្រាយធំ ហើយវាក៏ការផ្ដល់សញ្ញាទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងផងដែរ ។ ខណៈថវិកាដែលទើបនឹងអនុម័ត១២ពាន់លានដុល្លារ ជាផ្នែកមួយនៃថវិកា១៦០ពាន់លានដុល្លាររបស់ធនាគារពិភពលោកផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រហូតដល់ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការណ៍របស់ WB បានបញ្ជាក់ទៀតថា៖«កញ្ចប់ថវិកានេះ ជាសញ្ញាប្រាប់ទៅអ្នកស្រាវជ្រាវ និងឧស្សាហម្មឱសថថា ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន ក៏ត្រូវការវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដែរ»។ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកមួយនេះ បន្ថែមថាទឹកប្រាក់១២ពាន់លានដុល្លារនេះ នឹងផ្តល់ជាការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីអាចរៀបចំខ្លួនក្នុងការចែកចាយវ៉ាក់សាំងទ្រង់ទ្រាយធំ ដោយមានការសម្របសម្រួលជាមួយដៃគូអន្តរជាតិ។
ដោយឡែក លោក David Malpass នាយក WB ក៏បានលើកឡើងថា ការទទួលបានវ៉ាក់សាំង ក៏ដូចជាពង្រឹងការផ្តល់វ៉ាក់សាំងជាគន្លឹះក្នុងការកែប្រែស្ថានភាពនៃជំងឺឆ្លង និងជួយប្រទេសកំពុងអភិវឌ្ឍនឲ្យមានសមត្ថភាពស្តាសេដ្ឋកិច្ច និងសារពើពន្ធឡើងវិញ។ បើទោះបីជាវ៉ាក់សាំងCOVID-19 ពុំទាន់មានវត្តមានក្នុងទីផ្សារ តែលោក Malpass និយាយក្នុងបទសម្ភាសជាមួយកាសែតបារាំង Le Figaro ថា ការរៀបចំថវិកាជារឿងចាំបាច់ណាស់ ដោយសារតែការចែកចាយវ៉ាក់សាំងមានភាពស្មុគស្មាញ។
ធនាគារពិភពលោក បានអះអាងទៀតថា ខ្លួនអាចជួយក្នុងរឿងវ៉ាក់សាំងនេះ ដោយសារមានបទពិសោធក្នុងការគាំទ្រកម្មវិធីបង្កើតភាពស៊ាំតាមរយៈការផ្តល់វ៉ាក់សាំងសម្រាប់ជំងឺដែលអាចបង្ការបាននាពេលកន្លងមក ក៏ដូចជាការចូលរួមក្នុងកម្មវិធីសុខាភិបាលសាធារណៈដើម្បីទប់ស្កាត់ជំងឺឆ្លងដូចជាអេដស៍ របេង គ្រុនចាញ់ និងជំងឺក្នុងតំបន់ត្រូពិកជាដើម។
លើសពីនេះ ក្រៅពីផ្នែកវ៉ាក់សាំង WB អះអាងថា ថវិកានេះក៏នឹងជួយផងដែរដល់ការធ្វើតេស្ត COVID-19 និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការផ្តល់វ៉ាក់សាំងដោយមានប្រសិទ្ធភាព។ បើតាមធនាគារមួយនេះ កញ្ចប់ថវិកាខាងលើ គ្រោងគ្រប់ដណ្ដប់លើប្រជាជនមួយពាន់លាននាក់។
គួរបញ្ជាក់ដែរថា ក្រៅពីថវិការបស់ធនាគារពិភពលោក ក៏មានអង្គការសហប្រជាជាតិ តាមរយៈអង្គការសុខភាពពិភពលោក បានបង្កើតកម្មវិធីCOVAX សម្រាប់ផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍនផងដែរ៕ដោយ៖ស តារា