​ធនាគារពិភពលោកWB៖ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃទី​១៣ ខែតុលាថ្មីៗនេះ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ​។ ដោយកញ្ចប់​ថវិកា​ទាំងនេះ ក៏​រួមបញ្ចូល​ការទិញ​ឧបករណ៍​ធ្វើតេស្ត និង​ការព្យាបាល​អ្នក​ផ្ទុក​ជំងឺ COVID-19 ផងដែរ​។​

​ជាក់ស្តែងនៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៣ ខែតុលា ធនាគារពិភពលោកWB បាន​លើកឡើងថា៖ កម្មវិធី​ហិរញ្ញវត្ថុ​នេះ​រួមមាន​ការគាំទ្រ​បច្ចេកទេស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​រៀប​ចំការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ហើយ​វា​ក៏​ការផ្ដល់​សញ្ញា​ទៅកាន់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងផងដែរ ​។ ​ខណៈថវិកា​ដែល​ទើបនឹង​អនុម័ត​១២​ពាន់​លាន​ដុល្លារ ជា​ផ្នែក​មួយ​នៃ​ថវិកា​១៦០​ពាន់​លាន​ដុល្លារ​របស់​ធនាគារពិភពលោក​ផ្តល់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 រហូតដល់​ខែមិថុនា ឆ្នាំ​២០២១​។

ក្នុង​សេចក្តីថ្លែងការណ៍​របស់ WB បានបញ្ជាក់ទៀតថា៖«​កញ្ចប់​ថវិកា​នេះ ជា​សញ្ញា​ប្រាប់​ទៅ​អ្នកស្រាវជ្រាវ និង​ឧស្សាហ​ម្ម​ឱសថ​ថា ប្រជាជន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន ក៏​ត្រូវការ​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដែរ​»​។ ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ពិភពលោក​មួយ​នេះ ​បន្ថែមថាទឹកប្រាក់​១២​ពាន់​លាន​ដុល្លារ​នេះ នឹង​ផ្តល់​ជាការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​អាច​រៀបចំខ្លួន​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អន្តរជាតិ​។​

​ដោយឡែក លោក David Malpass នាយក WB ក៏បានលើកឡើងថា ការទទួលបាន​វ៉ាក់សាំង ក៏ដូចជា​ពង្រឹង​ការផ្តល់​វ៉ាក់សាំង​ជា​គន្លឹះ​ក្នុងការ​កែប្រែ​ស្ថានភាព​នៃ​ជំងឺឆ្លង និង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន​ឲ្យ​មាន​សមត្ថភាព​ស្តា​សេដ្ឋកិច្ច និង​សារពើពន្ធ​ឡើងវិញ​។ បើទោះបីជា​វ៉ាក់សាំងCOVID-19 ពុំទាន់​មាន​វត្តមាន​ក្នុង​ទីផ្សារ តែ​លោក Malpass និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​បារាំង Le Figaro ថា ការរៀបចំ​ថវិកាជា​រឿង​ចាំបាច់​ណាស់ ដោយសារតែ​ការចែក​ចាយ​វ៉ាក់សាំង​មាន​ភាពស្មុគស្មាញ​។​

​ធនាគារពិភពលោក បានអះអាងទៀតថា ខ្លួន​អាចជួយ​ក្នុង​រឿង​វ៉ាក់សាំង​នេះ ដោយសារ​មាន​បទពិសោធ​ក្នុងការ​គាំទ្រ​កម្មវិធី​បង្កើត​ភាពស៊ាំ​តាមរយៈ​ការផ្តល់​វ៉ាក់សាំង​សម្រាប់​ជំងឺ​ដែល​អាច​បង្ការ​បាន​នាពេល​កន្លងមក ក៏ដូចជា​ការចូលរួម​ក្នុង​កម្មវិធី​សុខាភិបាល​សាធារណៈ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដូចជា​អេដស៍ របេង គ្រុនចាញ់ និង​ជំងឺ​ក្នុង​តំបន់​ត្រូ​ពិ​ក​ជាដើម​។​

លើសពីនេះ ក្រៅពី​ផ្នែក​វ៉ាក់សាំង WB ​អះអាងថា ថវិកា​នេះ​ក៏​នឹង​ជួយ​ផងដែរ​ដល់​ការធ្វើ​តេស្ត COVID-19 និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដោយមាន​ប្រសិទ្ធភាព​។ បើតាម​ធនាគារ​មួយ​នេះ កញ្ចប់​ថវិកា​ខាងលើ គ្រោង​គ្រប់​ដណ្ដប់​លើ​ប្រជាជន​មួយ​ពាន់​លាន​នាក់​។​

​គួរបញ្ជាក់ដែរថា ក្រៅពី​ថវិកា​របស់​ធនាគារពិភពលោក ក៏មានអង្គការសហប្រជាជាតិ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក បានបង្កើត​កម្មវិធីCOVAX សម្រាប់​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន​ផងដែរ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print