ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសង្ស័យ ថា សាងសង់គ្មានច្បាប់ និង សង់លើផ្លូវសួនច្បារសាធារណៈ

ចែករំលែក៖

បន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសង្ស័យថា សាងសង់គ្មានច្បាប់ សាងសង់ខុសលក្ខណៈបច្ចេកទេស និង សង់លើផ្លូវសួនច្បារសាធារណៈ ។

សំណង់អគារមួយនេះ ត្រូវបានប្រភពព័ត៌មាន អះអាងថា បានសាងសង់រួចរាល់ប្រមាណ៥០% មកហើយ និង ចំណាយថវិកាប្រមាណជិត១លានដុល្លារ ឯណោះ និង ត្រូវបានចាប់ផ្តើមវាយកម្ទេចោល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន គួរអោយទុកចិត្តបាន បានអោយដឹង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ ថា សំណង់អគារមួយនេះ គ្មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ទេ សាងសង់ខុសលក្ខណៈបច្ចេកទេស និង សង់លើផ្លូវសួនច្បារសាធារណៈ ថែមទៀតផង ។

ប្រភពព័ត៌មាន ដដែលបន្តថា សំណង់អគារមួយនេះមិនមានប្រើថវិការដ្ឋ ទេ ដោយអ្នកផ្តើមគំនិតសាងសង់បានលុយពីសប្បុរសជនចូលរួម ហើយបទបញ្ជាថ្នាក់លើតម្រូវអោយវាយកម្ទេចចោល នាពេលនេះ គឺ សមស្របតាមសំណូមពរប្រជាពលរដ្ឋ ។

ដោយឡែក យោងតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលទើបទទួលបាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបមកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងសាងសង់សំណាកប្រាសាទកំពូលបី (ប្រាសាទឋានសួគ៌) ស្ថិតនៅរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ដោយសារសំណង់អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានរូបប្រាសាទកំពូលបី និង មានរចនាបថជាខ្មែររួចហើយ ហេតុនេះ ពុំចាំបាច់សាងសង់ទៀតឡើយ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា ម្យ៉ាងទៀត ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពនៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិនិងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ , រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការសាងសង់ និង ធ្វើការរុះរើសំណង់នេះចេញ ដោយត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានហ្មត់ចត់ ដើម្បីបង្ការហានិភ័យជាយថាហេតុ ។

ចំពោះទីតាំងរង្វង់មូលក្រុងប៉ោយប៉ែត នេះ គួរត្រួតពិនិត្យរៀបចំជាសួនច្បារដើម្បីលើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែតអោយកាន់តែប្រសើរបន្ថែមទៀត ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print