លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

ចែករំលែក៖

អន្តរជាតិ៖ ក្នុងអំឡុង​ទស្សនកិច្ច​ថ្ងៃទី​២​របស់លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ​ស្ថិតនៅក្នុង​មូលដ្ឋានទ័ព​ម៉ា​រី​ន​នៅ​ទីក្រុង​ឆាវ​ចូ​វ​ខេត្ត​គ័ង​តុង ​ភាគខាងត្បូង​ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែតុលា ថ្មីៗនេះ លោក ស៊ី បាន​ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​នៃ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម និង​ត្រៀមលក្ខណៈ​ទប់ទល់​គ្រោះថ្នាក់​ជានិច្ច​។ ដោយលោកប្រធានាធិបតី​ចិនរូបនេះ បានសង្កត់ធ្ងន់ថា ​កង​ម៉ា​រី​ន​ត្រូវពង្រឹងសមត្ថភាព​ប្រយុទ្ធ​ ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​អាច​ប្រតិបត្តិ​ការឆ្លើយតប​លឿន​រហ័ស និង​មាន​សមត្ថភាព​ប្រយុទ្ធ​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​គ្រប់បែបយ៉ាង​។

​លោក​ ស៊ី ដែលជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិនបានថ្លែងតាម​រយៈទូរទស្សន៍​រដ្ឋ​ចិន CCTV យ៉ាងដូច្នេះ​ថា​៖«​ផ្តោត​ការគិត​និង​ថាមពល​អ្នក​លើ​ការត្រៀម​លក្ខណៈ​ទៅធ្វើ​សង្គ្រាម ហើយ​ត្រូវតែ​ត្រៀម​ទប់ទល់​គ្រោះថ្នាក់​ជានិច្ច​»​។​ បន្ថែមពីនេះ លោកប្រធានាធិបតី ស៊ី បាន​ប្រាប់​កង​ម៉ា​រី​ន​ទៀតថា ពួកគេ មានការ​ទទួលខុសត្រូវ​សំខាន់​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាពព្រមទាំង​ផលប្រយោជន៍​លំហ​សមុទ្រ​របស់​ប្រទេស ក៏ដូចជា​ផលប្រយោជន៍​នៅ​បរទេស​ផងដែរ​។

ជាមួយគ្នានោះ លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​សម្រាប់​កង​ម៉ា​រី​ន​ចិន​ក្នុងការ​ធ្វើការ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​កងកម្លាំង​ដទៃទៀត​របស់​កងទ័ព​រំដោះប្រជាជន​ចិន ហើយ​ធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​ឲ្យ​ប្រែក្លាយជា​ប្រព័ន្ធ​ប្រតិបត្តិកា​រួម​។

​ដោយឡែកលោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏បានបញ្ជាក់​នៅ​ថ្ងៃទី​១៣ ខែតុលា​ថា ក្រុង​ប៉េកាំង នឹង​វាយបក​ឆ្លើយតប​នឹង​របាយការណ៍​ដែលថា សភា​អាមេរិក​កំពុង​ត្រួតពិនិត្យ​លើ​កិច្ចព្រមព្រៀង​ចំនួន​៣​ផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ​ឲ្យ​តៃវ៉ាន់​។ លោក Zhao លើកឡើង​ទៀតថា៖«​សហរដ្ឋអាមេរិក គួរ​លុបចោល​ភ្លាមៗ​នូវ​គម្រោង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ បញ្ឈប់​កិច្ចព្រមព្រៀង​លក់​អាវុធ​ណាៗ​ទាំងអស់និង​កាត់​ចំណងទាក់ទង​យោធា​ជាមួយ​តៃវ៉ាន់​»​។​

គួរបញ្ជាក់ថា ទស្សនកិច្ច​របស់លោក​ស៊ី ជិនភីង ក្នុង​មូលដ្ឋានទ័ព​នេះ ធ្វើឡើង​ខណៈ​ភាព​តានតឹង​កើនឡើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ចំណងមិត្តភាព​កាន់តែ​ជិតស្និទ្ធ​រវាង​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក ។ ខណៈចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន ប្តេជ្ញា​ប្រើ​កម្លាំងយោធា​បើ​ចាំបាច់​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print