បេក្ខភាពកញ្ញាឯក អ៊ុច សុគន្ធដាវី មិនជាប់ចំណាត់ថ្នាក់មែនប៉ុន្តែទទួលបានឱកាសការងារសិល្បៈហើយ

ចែករំលែក៖

   ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020  បេក្ខនារីតំណាងខេត្តសៀមរាបទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំងពីទស្សនិកជន។ បើទោះមិនបានគ្រងតំណែងក្នុងចំណាត់ថ្នាក់ណាមួយក្តីក៏ពេលនេះបេក្ខនារីដែលមានសម្រស់ស្រស់សោភារូបនេះទទួលបានឱកាសការងារសិល្បៈមួយចំនួនផងដែរ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីនាងលេខមុខក្នុងការថតឈុតប្រណីតរបស់សម្អាងការល្បីឈ្មោះមួយនៅភ្នំពេញគឺសម្អាងការ ម្កុដមាសខ្មែរ។ សម្រស់ដ៏ស្រស់ផូរផង់គួបផ្សំជាមួយការតុបតែងមុខធ្វើសក់ រំលេចដោយសម្លៀកបំពាក់ប្រណីត និងស្រោចដោយគ្រឿងអលង្ការភ្លឺផ្លេកក្នុងឈុតកូនក្រមុំក្នុងថ្ងៃមង្គលជ័យ គឺពិតជាធ្វើឲ្យអ្នកគាំទ្រនាងមិនសរសើរមិនបាន។ ទោះជាយ៉ាងណានេះគឺជាឱកាសថ្មីបន្ថែមសម្រាប់នាងដែលអាចក្តាប់បានឱកាសទីផ្សារថ្មីក្រោយពីបញ្ចប់ការប្រកួត។ កញ្ញាអ៊ុច សុគន្ធដាវី បញ្ជាក់ថា នាងពិតជារីករាយដែលទទួលបានឱកាសការងារសិល្បៈទាំងនេះ ហើយនាងនឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពថ្មីៗបន្ថែមដើម្បីបំពេញចិត្តអ្នកគាំទ្រ និងលើកទឹកចិត្តនាងកន្លងមក។ នាងក៏ថ្លែងអំណរគុណចំពោះសម្អាងការម្កុដមាសខ្មែរ ដែលបានផ្តល់ឱកាសសម្រាប់រូបនាងផងដែរ ហើយនាងរំពឹងថាការងារថ្មីនេះក៏ជាការបើកផ្លូវសម្រាប់នាងឈានជើងទៅមុខមួយជំហ៊ានទៀតក្នុងការងារសិល្បៈ។

ផលិតករម្នាក់ បានមានប្រសាសន៍ថា បេក្ខនារីជាង២០នាក់ដែលបានឈានជើងចូលក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែមានសម្រស់ស្រស់សោភា ប៉ុន្តែលោកស្រីបានចាប់អារម្មណ៍ខ្លាំងទាំងរូបសម្រស់ និងអត្តចរិក បុគ្គលិកលក្ខណៈរបស់កញ្ញាអ៊ុច សុគន្ធដាវី ទើបលោក បានអញ្ជើញនាងឲ្យថតឈុតប្រណីតមួយចំនួនរបស់លោកស្រី និងជាចំណែកជួយលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិតាមរយៈការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងពិធីមង្គលការ។ លោកស្រីថាសកម្មភាពនេះក៏ជាការលើកទឹកចិត្តលើកកម្ពស់តម្លៃស្ត្រីពិសេសធនធានមនុស្សដ៏កម្រ ដើម្បីឲ្យពួកគាត់មានឱកាសបង្ហាញសមត្ថភាពបង្ហាញរូបសម្រស់ជូនមហាជនផងដែរ និងជាការលើកកម្ពស់ការច្នៃឈុតប្រណីតថ្មីក្រោមទម្រង់សិល្បៈខ្មែរ និងជា ស្នាដៃកូនខ្មែរពិតៗ៕ដោយ៖វឌ្ឍនា

...

            

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print