ក្រោយពីវ៉ាក់សាំង Sputnik V បានអនុម័តកាលពីថ្ងៃទី១១ខែកញ្ញា ក្លាយទៅជាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់លើពិភពលោក ហើយវ៉ាក់សាំងនោះទទួលបានជោគជ័យយ៉ាងខ្លាំង ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពនិងសុវត្ថិភាពរួចមក។ នៅថ្ងៃទី១៥ខែតុលានេះ រុស្ស៊ី បានសម្រេចអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទីពីរ មានឈ្មោះថា EpiVacCorona ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីនបានប្រកាសថា វ៉ាក់សំាងEpiVacCorona ស្រាវជ្រាវនិងផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Vector Virology នៅតំបន់Siberia ។ វ៉ាក់សំាងនេះបានអនុម័តជាផ្លូវការនៅថ្ងៃទី ១៥ខែតុលាឆ្នាំ២០២០នេះ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា វ៉ាក់សាំង EpiVacCorona បានធ្វើតេស្តជាលើកចុងក្រោយនៅលើមនុស្សដែលមានវ័យចាប់ពី១៨-៦០ឆ្នាំ ។ ប្រធានាធិបតីពូទីនបានបញ្ជាក់ផងដែរថា «យើងចាំបាច់ត្រូវតែបង្កើនការផលិតវ៉ាក់សាំងទីមួយនិងទីពីរ ហើយយើងកំពុងតែសហការជាមួយដៃគូក្រៅប្រទេសដើម្បីផ្សព្វផ្សាយ ចែកវាយវ៉ាក់សាំងនៅលើពិភពលោក»។
ប្រធានាធិបតីពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិរុស្ស៊ីថា
«យើងចាំបាច់ត្រូវតែបង្កើនការផលិតវ៉ាក់សាំងទាំងពីរគឺ Sputnik V និង EpiVacCorona។ យើងចាំបាច់ត្រូវតែសហការជាមួយបណ្តាប្រទេសជុំវិញពិភពលោក។
សារព័ត៌មាន TASS របស់រុស្ស៊ី បានដកស្រង់សម្តីមន្ត្រីស៊ើបអង្កេតពីសុវត្ថិភាពដល់អ្នកដែលបានចាក់វ៉ាក់សាំងនាពេលកន្លងមកបានឲ្យដឹងថា ការសាកល្បងទទួលបានជោគជ័យទាំងស្រុង។ ក្រៅពីវ៉ាក់សាំង Sputnik V និងEpiVacCorona រុស្ស៊ីនៅមានវ៉ាក់សាំងជាច្រើនប្រភេទផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាល សាកល្បង៕