ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា សម្រាលបានកូនប្រុសដែលជាតំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមី លោក ប៉ុល វិបូនោះហើយកាលពីល្ងាចថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០នេះ។ កូនប្រុសទើបកើតនោះ គឺមានសុខភាពល្អ ដោយកូនមានទម្ងន់៣.៦គីឡូក្រាម និងមានមុខមាត់គួរឲ្យខ្នាញ់។
ក្រោយពីការទន្ទឹងរងចាំអស់ជាច្រើនខែ ម៉ាសែន សូនីតា បានជួបមុខកូនប្រុសនាងហើយ។ កូនប្រុសដែលទើបសម្រាលនេះត្រូវបានឪពុករបស់គេដាក់ឈ្មោះឲ្យថា ប៉ុល បូនីតតូ និងមានសុខភាពមាំទាំងនិងមុខមាត់គួរឲ្យខ្នាញ់។ អ្នករួមអាជីព សាច់ញាតិ និងអ្នកគាំទ្រនាងជាច្រើនបានធ្វើការចែករំលែក និងផ្ញើសារអមអរសាទរចំពោះនាងផងដែរ។
គេចាំបានថាម៉ាក សែនសូនីតា ហៅតូតា និងលោក ប៉ុលវិបូ បានរៀបមង្គលការយ៉ាងគគ្រឹកគគ្រេងកាលពីរសៀលថ្ងៃទី១៦ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញក្រោមមានភ្ញៀវប្រមាណជាង១ពាន់នាក់ ពោលគឺត្រឹម៧ខែប៉ុណ្ណោះអាចសម្រាលបានកូនម្នាក់គឺនាងអាចមានផ្ទៃពោះមុនការចូលរោងការមកដល់។ នេះក៏ជាមូលហេតុដែល ពួកគេមិនបានរំសាយមង្គលការនោះទេ បើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺ Covid –19 ក៏ដោយ។
គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជាបើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង៕ ដោយ៖វឌ្ឍនា