អន្តរជាតិ៖ ខណៈដែលបណ្ដាប្រទេសអ្នកមានជាច្រើនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រឆាំងCOVID-19 ទុកជាមុន បើទោះបីជាវ៉ាក់សាំងនោះ កំពុងស្ថិតក្នុងដំណាក់អភិវឌ្ឍក្ដី ។ ប៉ុន្តែរបាយការណ៍នេះធ្វើឲ្យមានក្ដីបារម្ភចំពោះប្រទេសកំពុងអភិវឌ្ឍដែលមិនសូវមានលុយកាក់ ទើបធ្វើឲ្យលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសកំពុងអភិវឌ្ឍត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំង COVID-19 ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយក្នុងកិច្ចសម្ភាសជាវីដេអូពីទីក្រុងឡុងផ្សាយថ្ងៃទី១៤ ខែតុលាថ្មីៗនេះ ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បាននិយាយថា វាជារឿងសំខាន់ណាស់សម្រាប់ប្រទេសអ្នកមាននិងអ្នកក្រក្នុងការធ្វើការជាមួយគ្នាដើម្បីអាចធានាបានថា គ្រប់ប្រទេស មានសិទ្ធិទទួលបានវ៉ាក់សាំងស្មើគ្នាហើយមានសុវត្ថិភាពនិងតម្លៃសមរម្យ។ លោកស្រី Marsudi បានប្រាប់ AFP បន្តថា៖«តើអ្នកអាចស្រមៃបានទេ ប្រសិនបើវ៉ាក់សាំងភាគច្រើនទៅប្រទេសអភិវឌ្ឍន៍? តើជោគវាសនារបស់ប្រទេសកំពុងអភិវឌ្ឍន៍នឹងទៅជាយ៉ាងណា?»។
ជាក់ស្តែងការអត្ថាធិប្បាយរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីរូបនេះ ធ្វើឡើងក្រោយរបាយការណ៍របស់អង្គការ Oxfam កាលពីខែមុនដែលបានរកឃើញថា ក្រុមប្រទេសអ្នកមានដែលតំណាង១៣ភាគរយនៃប្រជាជនពិភពលោកបានទិញច្រើនជាងពាក់កណ្តាលនៃចំនួនវ៉ាក់សាំង COVID-19 ដែលត្រូវបានសន្យាផ្គត់ផ្គង់នាពេលអនាគត។ ជុំវិញបញ្ហាវ៉ាក់សាំងនេះដែរ លោកស្រី Marsudi ក៏បានជួបជាមួយក្រុមហ៊ុនផលិតឱសថ AstraZeneca ដែលមានមូលដ្ឋាននៅអង់គ្លេស ដើម្បីពង្រឹងកិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំងឲ្យឥណ្ឌូណេស៊ីផងដែរ។
ទោះជាយ៉ាងណាក្តី លោកស្រី Marsudi បានបដិសេធមិនពិភាក្សាលម្អិតរឿងការទិញវ៉ាក់សាំងនេះដែរ។ ទេប៉ុន្តែប្រមុខការទូតឥណ្ឌូណេស៊ីបង្ហាញសុទិដ្ឋិនិយមថា ឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំងមួយចំនួនពី AstraZeneca ដោយការចរចាកំពុងតែដំណើរការហើយ។លោកស្រី Marsudi ក៏គ្រោងនឹងទៅប្រទេសស្វីសដើម្បីចូលរួមការដេញថ្លៃវ៉ាក់សាំងដែរ។
សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី ដែលរងគ្រោះខ្លាំងដោយសារ COVID-19 កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាបានវ៉ាក់សាំងសម្រាប់ប្រជាជនរបស់ខ្លួន។ បន្ថែមពីលើការស្វែងរកវ៉ាក់សាំងនៅអឺរ៉ុប ឥណ្ឌូណេស៊ី ចាប់ផ្តើមសាកល្បងការចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ចិនទៅលើអ្នកស្ម័គ្រចិត្តប្រមាណ ១,៦០០ នាក់ក្នុងការសិក្សារយៈពេល ៦ ខែដែលចាប់ផ្ដើមនៅខែសីហា។
គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ី មានករណីឆ្លងវីរុសថ្មីចំនួនជាង៣៤ម៉ឺននាក់ និងមានមនុស្សស្លាប់ជាង ១២,០០០ នាក់។ ប៉ុន្តែគេជឿថាករណីឆ្លងអាចមានច្រើនជាងនេះ ព្រោះឥណ្ឌូណេស៊ី ជាប្រទេសមានអត្រាធ្វើតេស្តទាបបំផុតមួយនៅលើពិភពលោក៕ដោយ៖ស តារា