អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកជាសំណើកាលពីថ្ងៃទី១៤ តុលាថ្មីៗនេះថា រុស្ស៊ីចង់បញ្ជូនកងទ័ពយោធារបស់ខ្លួនទៅសង្កេតមើលបទឈប់បាញ់រវាងអាមេនី និងអាស៊ែបៃហ្សង់។ ការលើកឡើងរបស់ប្រមុខការបរទេសរុស្ស៊ីនេះ ធ្វើឡើងក្រោយមានការប៉ះទង្គិចគ្នាជាថ្មីរវាងប្រទេសទាំង២ ដែលជាការបំពានបទឈប់បាញ់ឯកភាពគ្នានៅរុស្ស៊ី ស្របពេលដែលជម្លោះបានអូសបន្លាយជិតបីសប្តាហ៍មកហើយ។
លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងន័យធានាឲ្យភាគីទាំង២ គោរពបទឈប់បាញ់ លោកក៏បានលើកជាគំនិតមួយ ចង់ឲ្យបញ្ជូនយោធារុស្ស៊ីទៅឃ្លាំមើលសកម្មភាពយោធាអាមេនី និងអាស៊ែបៃហ្សង់នៅតំបន់ Nagorno-Karabakh ។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានលើកឡើងថា៖«មិនចាំបាច់កងរក្សាសន្តិភាពទេ ប៉ុន្តែ(វត្តមាន)ទាហានសង្កេតការណ៍គឺគ្រប់គ្រាន់ ហើយជារឿងត្រឹមត្រូវបើសិនជាទាហានសង្កេតការណ៍ ជាទាហានរុស្ស៊ី។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik។
ទោះជាយ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏បានអះអាងថា ការទទួលយកទាហានរុស្ស៊ីគឺអាស្រ័យទៅលើភាគីទាំងពីរ។ លោកLavrov ក៏បន្ថែមផងដែរថា អាមេនី និងអាស៊ែបៃហ្សង់ចាំបាច់ជជែកគ្នា ដើម្បីបង្កើតយន្តការឃ្លាំមើល និងអនុវត្តបទឈប់បាញ់ដែលព្រមព្រៀងនៅឯទីក្រុងមូស្គូ។ លោកLavrov ក៏បានសង្កត់ធ្ងន់ដែរថា បើសិនជាគ្មានដំណោះស្រាយនយោបាយទេ នោះដំណោះស្រាយយោធានៅតំបន់Nagorno-Karabakh ក៏នឹងមិនដំណើរការដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០២០កន្លងទៅនេះ អាមេនី និងអាស៊ែបៃហ្សង់បានយល់ព្រមលើបទឈប់បាញ់ ដោយមានរុស្ស៊ីជាអ្នកសម្របសម្រួល។ ទោះជាមានបទឈប់បាញ់ក្តី ការប៉ះទង្គិចគ្នារវាងភាគីទាំងសងខាងនៅបន្តមាន និងចោទគ្នាទៅវិញទៅមកថាជាអ្នករំលោភបទឈប់បាញ់។ បទឈប់បាញ់ខាងលើ មានបំណងក្នុងការដោះដូរអ្នកទោសសង្គ្រាម ក៏ដូចជាយកសាកសពទាហានដែលបាត់បង់ជីវិត។
ដោយឡែកជុំវិញបញ្ហានេះដែរ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ គាំទ្រគំនិតនេះ តែបញ្ជាក់ថា កងរក្សាសន្តិភាពអាចនឹងបញ្ជូនទៅដរាបណាប្រទេសទាំង២យល់ព្រម។ ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏ចង់បានវត្តមានតួកគីនៅក្នុងការចចារ ទោះជាតាមវិធីណាក៏ដោយ។
ថ្វីត្បិតតែមានបទឈប់បាញ់ក្តី អាមេនីបានចោទអាស៊ែបៃហ្សង់ថាបានវាយប្រហារសម្ភារៈយោធាដែលស្ថិតក្នុងទឹកដីរបស់ខ្លួន ដោយគំរាមថាអាមេនីក៏មានសិទ្ធិក្នុងការវាយប្រហារទាហានអាស៊ែបៃហ្សង់ ក្នុងទឹកដីអាស៊ែបៃហ្សង់ផងដែរ។ ចំណែកអាស៊ែបៃហ្សង់វិញអះអាងថា ខ្លួននឹងតបតទៅអាមេនីវិញ បើមានការវាយប្រហារលើមូលដ្ឋានយោធា និងស៊ីវិល។
គួរបញ្ជាក់ដែរថា ការប្រយុទ្ធគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ ផ្ទុះឡើងនៅថ្ងៃទី២៧ ខែកញ្ញា នៅក្នុងតំបន់Nagorno-Karabakh ក្នុងទឹកដីអាស៊ែបៃហ្សង់។ ចំណែកតួលេខចុងក្រោយនេះ ការិយាល័យរដ្ឋអាជ្ញាអាស៊ែបៃហ្សង់ បានអះអាងថា មានជនស៊ីវិលខ្លួនចំនួន៤៣នាក់ខ្លាប់ខណៈ ២១៤នាក់រងរបួស។ ចំណែក តំបន់ផ្តាច់ខ្លួន Nagorno-Karabakh អះអាងថាមានទាហានស្លាប់ចំនួន៥៣២នាក់ និងស្លាប់ជនស៊ីវិលចំនួន៣២នាក់៕ដោយ៖ស តារា