មន្រ្តីជាន់ខ្ពស់​រុស្ស៊ី ចង់​បញ្ជូន​កង​រក្សា​សន្តិភាព​របស់ខ្លួន​ទៅ​ឃ្លាំមើល​បទ​ឈប់​បាញ់​អា​មេ​នី​-​អា​ស៊ែ​បៃ​ហ្ស​ង់​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov ​បាន​លើក​ជា​សំណើកាលពីថ្ងៃទី​១៤ តុលា​ថ្មីៗនេះ​ថា រុស្ស៊ី​ចង់​បញ្ជូន​កងទ័ពយោធា​របស់ខ្លួន​ទៅ​សង្កេតមើល​បទ​ឈប់​បាញ់​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ការលើកឡើង​របស់​ប្រមុខ​ការបរទេស​រុស្ស៊ី​នេះ ធ្វើឡើង​ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​ជាថ្មី​រវាង​ប្រទេស​ទាំង​២ ដែលជា​ការបំពាន​បទ​ឈប់​បាញ់​ឯកភាពគ្នា​នៅ​រុស្ស៊ី ស្រប​ពេលដែល​ជម្លោះ​បានអូសបន្លាយ​ជិត​បី​សប្តាហ៍​មកហើយ​។​

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ក្នុងន័យ​ធានា​ឲ្យ​ភាគី​ទាំង​២ គោរព​បទ​ឈប់​បាញ់ លោកក៏បានលើក​ជា​គំនិតមួយ ចង់​ឲ្យ​បញ្ជូន​យោធា​រុស្ស៊ី​ទៅ​ឃ្លាំមើល​សកម្មភាព​យោធា​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​នៅ​តំបន់ Nagorno-Karabakh ។ លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីរូបនេះ បានលើកឡើងថា​៖«​មិនចាំបាច់​កង​រក្សា​សន្តិភាព​ទេ ប៉ុន្តែ​(​វត្តមាន​)​ទាហាន​សង្កេតការណ៍​គឺ​គ្រប់គ្រាន់ ហើយ​ជា​រឿង​ត្រឹមត្រូវ​បើសិនជា​ទាហាន​សង្កេតការណ៍ ជា​ទាហាន​រុស្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី Sputnik​។​

​ទោះជា​យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ក៏បានអះអាងថា ការទទួលយក​ទាហាន​រុស្ស៊ី​គឺ​អាស្រ័យទៅលើ​ភាគី​ទាំងពីរ​។ លោក​Lavrov ក៏​បន្ថែម​ផងដែរ​ថា អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ចាំបាច់​ជជែក​គ្នា ដើម្បី​បង្កើត​យន្តការ​ឃ្លាំមើល និង​អនុ​វត្តបទ​ឈប់​បាញ់​ដែល​ព្រមព្រៀង​នៅឯ​ទីក្រុង​មូ​ស្គូ​។ លោក​Lavrov ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា បើសិនជា​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ នោះ​ដំណោះស្រាយ​យោធា​នៅ​តំបន់Nagorno-Karabakh ក៏​នឹងមិន​ដំណើរការ​ដែរ​។​

សូមជម្រាបថា កាលពីថ្ងៃទី​១០ តុលា ឆ្នាំ២០២០កន្លងទៅនេះ អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់ ដោយមាន​រុស្ស៊ី​ជា​អ្នកសម្របសម្រួល​។ ទោះជា​មាន​បទ​ឈប់​បាញ់​ក្តី ការប៉ះទង្គិច​គ្នា​រវាង​ភាគី​ទាំងសងខាង​នៅ​បន្ត​មាន និង​ចោទ​គ្នា​ទៅវិញទៅមក​ថា​ជា​អ្នករំលោភ​បទ​ឈប់​បាញ់​។ បទ​ឈប់​បាញ់​ខាងលើ មានបំណង​ក្នុងការ​ដោះដូរ​អ្នកទោស​សង្គ្រាម ក៏ដូចជា​យក​សាកសព​ទាហាន​ដែល​បាត់បង់​ជីវិត​។​

ដោយឡែកជុំវិញបញ្ហានេះដែរ លោក Ilham Aliyev ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ គាំទ្រ​គំនិត​នេះ តែ​បញ្ជាក់ថា កង​រក្សា​សន្តិភាព​អាច​នឹង​បញ្ជូនទៅ​ដរាបណា​ប្រទេស​ទាំង​២​យល់ព្រម​។ ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ ក៏​ចង់បាន​វត្តមាន​តួ​ក​គី​នៅក្នុង​ការចចារ ទោះជា​តាម​វិធី​ណាក៏ដោយ​។​

​ថ្វីត្បិតតែ​មាន​បទ​ឈប់​បាញ់​ក្តី អា​មេ​នី​បាន​ចោទ​អា​ស៊ែ​បៃ​ហ្ស​ង់​ថា​បាន​វាយប្រហារ​សម្ភារៈ​យោធា​ដែល​ស្ថិតក្នុង​ទឹកដី​របស់ខ្លួន ដោយ​គំរាមថា​អា​មេ​នី​ក៏មាន​សិទ្ធិ​ក្នុងការ​វាយប្រហារ​ទាហាន​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​ផងដែរ​។ ចំណែក​អា​ស៊ែ​បៃ​ហ្ស​ង់​វិញ​អះអាងថា ខ្លួន​នឹង​តបត​ទៅ​អា​មេ​នី​វិញ បើ​មានការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា និង​ស៊ីវិល​។​

​គួរបញ្ជាក់ដែរថា ការប្រយុទ្ធ​គ្នា​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ផ្ទុះឡើង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា នៅក្នុង​តំបន់​Nagorno-Karabakh ក្នុង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​។ ចំណែក​តួលេខ​ចុងក្រោយនេះ ការិយាល័យ​រដ្ឋអាជ្ញា​អា​ស៊ែ​បៃ​ហ្ស​ង់​ បានអះអាងថា មាន​ជន​ស៊ីវិល​ខ្លួន​ចំនួន​៤៣​នាក់​ខ្លា​ប់ខណៈ ២១៤​នាក់​រងរបួស​។ ចំណែក តំបន់​ផ្តាច់ខ្លួន Nagorno-Karabakh អះអាងថា​មាន​ទាហាន​ស្លាប់​ចំនួន​៥៣២​នាក់ និង​ស្លាប់​ជន​ស៊ីវិល​ចំនួន​៣២​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print