ខេត្តកណ្តាល៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគត នៅចំនុចទីតាំងចំនួន ០៣ គឺនៅទីតាំង ព្រែកហូ ប្រឡាយព្រែករទាំងនិងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។
មន្ត្រីបច្ចេកទេសបានឱ្យដឹងថា៖ ផ្អែកលើការពិនិត្យជាក់ស្តែង នៅចំនុចទីតាំងទាំង ០៣ខាងលើ បានឃើញថា ៖
– ត្រង់ស្ពានព្រែកហូរមានធារទឹក ២៤០ m3/s រីឯនៅផ្នែកខាងក្រោមចុងព្រែកវិញ ត្រង់ចំនុចស្ពានវត្តក្របៅ គឺបានថយនៅសល់ត្រឹមតែ ១៧ m3/s ប៉ុណ្ណោះ
– ត្រង់ចំនុចព្រែករទាំងមានធារទឹក ១៨៣ m3/s
– ត្រង់ចំនុចស្ទឹងជ្រៅមានធារទឹក ៦០ m3/s ដែលជាធម្មតាធារទឹកអាចមានដល់ចំនួន ១៥៤ m3/s នេះបង្ហាញថាស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាង០២ដង ។
ក្នុងករណីស្តារប្រព័ន្ធរំដោះទឹកទាំង០៣ ខាងលើបានល្អ នោះយើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ m3/s ៕
ដោយ៖ សុខ ខេមរា