នាយករដ្ឋមន្ត្រី​ថៃលោក ប្រា​យុទ្ធ ​អះអាងថា៖ លោក​នឹងមិន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រុម​បាតុករ នៅតែបន្តនាំគ្នាធ្វើបាតុកម្មដើម្បីទាមទារ​ឲ្យ​លោកនាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​ ចុះ​ចេញពី​តំណែង​រយៈពេល៣​ថ្ងៃជាប់គ្នា និង​ក្រោយពេល​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ក្រឹត្យ​អាសន្ន​ដែល​ហាម​ការជួបជុំ​សាធារណៈ​លើសពី​៥​នាក់​នោះ នៅ​ថ្ងៃទី​១៦ខែតុលា​ម្សិលមិញនេះលោក ប្រា​យុទ្ធ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មានថា៖ លោក​នឹងមិន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ​។

​ជាក់ស្តែងនៅ​ព្រឹក​ថ្ងៃទី​១៦ តុលាម្សិលមិញនេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ក្រោយពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់ បាន​បញ្ជាក់ថា ​លោក​មិន​ចុះ​ចេញពី​តំណែង​ឡើយ​។ ចំពោះ​ការអនុម័ត​ក្រឹត្យ​អាសន្ន​វិញ លោក​ប្រា​យុ​ទ្ធ ​លើក​ហេតុផល​ថា​៖« រដ្ឋាភិបាល​ត្រូវតែ​ប្រើប្រាស់​ក្រឹត្យ​អាសន្ន​នេះ​។ យើង​ត្រូវតែ​ធ្វើបែបនេះ​ដោយសារតែ​ស្ថានការណ៍​ហិង្សា​»​។ លោក​បន្តថា ក្រឹត្យ​ខាងលើ​នឹងត្រូវ​ប្រើប្រាស់​រយៈពេល​៣០​ថ្ងៃ ឬ​តិចជាង​នេះ បើសិនជា​ស្ថានការណ៍​មាន​សភាព​ថមថយ​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បានចុះផ្សាយថា ក្រឹត្យ​អាសន្ន ដែល​ហាមឃាត់​ការជួបជុំ​លើសពី​៥ នាក់ ត្រូវបាន​ប្រកាស​ក្រោយពេល​បាតុករ​រាប់ម៉ឺន​នាក់​ជួបជុំគ្នា នៅក្រៅ​អាគារ​រដ្ឋាភិបាល ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង កំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​ព្រះមហាក្សត្រ​។​

ក្នុងកិច្ចប្រជុំ​បន្ទាន់​របស់​គណៈរដ្ឋមន្ត្រី​ថៃ ធ្វើឡើង​ដើម្បី​ពិភាក្សា​ពី​ក្រឹត្យ​អាសន្ន​ដែល​ត្រូវ​បានប្រកាស​នៅ​ម៉ោង​៤​ព្រឹក ថ្ងៃទី​១៥ តុលា​។កិច្ចប្រជុំ​នេះ អនុម័ត​យល់ព្រម​លើ​ក្រឹត្យ​អាសន្ន​ខាងលើ ដែលមាន​រយៈពេល​១​ខែ តាម​សំណើ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។ ចំណែកហេតុផល​ក្នុង​ការចេញ​ក្រឹត្យ គឺ​ឧបទ្ទវហេតុ​ជាស​ម្តី និង​កាយវិការ​ទៅលើ​ក្បួន​ព្រះទីនាំង​មហេសី​ស្ដេច​ថៃ​។ ផល​លើ​ប៉ះពាល់​សេដ្ឋកិច្ច និង​សន្តិសុខ​ប្រទេស ក៏​ជា​មូលហេតុ​ដែរ​។​

ជាមួយគ្នានេះដែរ លោក ប្រា​យុទ្ធ ក៏បាន​ព្រមាន​​ថា រដ្ឋាភិបាល​ថៃ​អាច​នឹងដាក់​បម្រាម​គោចរ បើសិនជា​ស្ថានការណ៍​បាតុកម្ម​នៅតែ​បន្ត​។ទោះជា​យ៉ាងណាក្តី លោកនាយក​រដ្ឋមន្ត្រី​ថៃ និយាយថា ស្ថានការណ៍​មិនទាន់​ដល់​កម្រិត​ត្រូវ​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​ឡើយ​។​

​សូមជម្រាបថា បក្សប្រឆាំង Pheu Thai ថ្កោលទោស​ការប្រកាស​ក្រឹត្យ​អាសន្ន​របស់​រដ្ឋាភិបាល​។ បក្ស​ដែលមាន​អាសនៈ​ច្រើនជាងគេ ក្នុង​រដ្ឋសភា​ថៃ​បាន​លើកឡើងថា​៖«​បក្ស Pheu Thai អំពាវនាវ​ឲ្យ​ឧ​ត្ត​ម​សេនីយ​ប្រា​យុទ្ធ ចាន់​អូ​ចា និង​មន្ត្រី​រដ្ឋាភិបាល​លើក​ចេញ​នូវ​ក្រឹត្យ​អាសន្ននិង​បញ្ឈប់​ការ​គំរាម​ប្រជាជន​»​។ បក្ស​នេះ ក៏​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាបន្ទាន់​។​

​គួរបញ្ជាក់ផងដែរថា ចាប់​តាំងតែ​ពី​បាតុកម្ម​នៅ​ថ្ងៃទី​១៤ តុលា​មក ប៉ូលីស​ថៃ​ បាន​ចាប់ឃាត់ខ្លួន​បាតុករ​ចំនួន​៤០ នាក់​។ ទោះ​ជាមាន​ក្រឹត្យ​អាសន្ន​បែបនេះ​ក្តី បាតុករ​ប្តេជ្ញា​ថា នឹង​បន្ត​បាតុកម្ម​ដដែល​។ ដោយក្រុមបាតុករ​ អះអាងថា នឹងធ្វើ​បាតុកម្ម​អាច​នឹង​អូសបន្លាយ​យ៉ាងហោចណាស់​១​ខែ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print