អន្តរជាតិ៖ បន្ទាប់ពីក្រុមបាតុករ នៅតែបន្តនាំគ្នាធ្វើបាតុកម្មដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងរយៈពេល៣ថ្ងៃជាប់គ្នា និងក្រោយពេលគណៈរដ្ឋមន្ត្រីថៃអនុម័តក្រឹត្យអាសន្នដែលហាមការជួបជុំសាធារណៈលើសពី៥នាក់នោះ នៅថ្ងៃទី១៦ខែតុលាម្សិលមិញនេះលោក ប្រាយុទ្ធ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ លោកនឹងមិនចុះចេញពីតំណែងនាយករដ្ឋមន្ត្រីឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ តុលាម្សិលមិញនេះ លោកប្រាយុទ្ធ ចាន់អូចា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់ បានបញ្ជាក់ថា លោកមិនចុះចេញពីតំណែងឡើយ។ ចំពោះការអនុម័តក្រឹត្យអាសន្នវិញ លោកប្រាយុទ្ធ លើកហេតុផលថា៖« រដ្ឋាភិបាលត្រូវតែប្រើប្រាស់ក្រឹត្យអាសន្ននេះ។ យើងត្រូវតែធ្វើបែបនេះដោយសារតែស្ថានការណ៍ហិង្សា»។ លោកបន្តថា ក្រឹត្យខាងលើនឹងត្រូវប្រើប្រាស់រយៈពេល៣០ថ្ងៃ ឬតិចជាងនេះ បើសិនជាស្ថានការណ៍មានសភាពថមថយ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រឹត្យអាសន្ន ដែលហាមឃាត់ការជួបជុំលើសពី៥ នាក់ ត្រូវបានប្រកាសក្រោយពេលបាតុកររាប់ម៉ឺននាក់ជួបជុំគ្នា នៅក្រៅអាគាររដ្ឋាភិបាល ទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង កំណែទម្រង់រដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចព្រះមហាក្សត្រ។
ក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈរដ្ឋមន្ត្រីថៃ ធ្វើឡើងដើម្បីពិភាក្សាពីក្រឹត្យអាសន្នដែលត្រូវបានប្រកាសនៅម៉ោង៤ព្រឹក ថ្ងៃទី១៥ តុលា។កិច្ចប្រជុំនេះ អនុម័តយល់ព្រមលើក្រឹត្យអាសន្នខាងលើ ដែលមានរយៈពេល១ខែ តាមសំណើរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ។ ចំណែកហេតុផលក្នុងការចេញក្រឹត្យ គឺឧបទ្ទវហេតុជាសម្តី និងកាយវិការទៅលើក្បួនព្រះទីនាំងមហេសីស្ដេចថៃ។ ផលលើប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខប្រទេស ក៏ជាមូលហេតុដែរ។
ជាមួយគ្នានេះដែរ លោក ប្រាយុទ្ធ ក៏បានព្រមានថា រដ្ឋាភិបាលថៃអាចនឹងដាក់បម្រាមគោចរ បើសិនជាស្ថានការណ៍បាតុកម្មនៅតែបន្ត។ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃ និយាយថា ស្ថានការណ៍មិនទាន់ដល់កម្រិតត្រូវប្រើប្រាស់ច្បាប់អាជ្ញាសឹកឡើយ។
សូមជម្រាបថា បក្សប្រឆាំង Pheu Thai ថ្កោលទោសការប្រកាសក្រឹត្យអាសន្នរបស់រដ្ឋាភិបាល។ បក្សដែលមានអាសនៈច្រើនជាងគេ ក្នុងរដ្ឋសភាថៃបានលើកឡើងថា៖«បក្ស Pheu Thai អំពាវនាវឲ្យឧត្តមសេនីយប្រាយុទ្ធ ចាន់អូចា និងមន្ត្រីរដ្ឋាភិបាលលើកចេញនូវក្រឹត្យអាសន្ននិងបញ្ឈប់ការគំរាមប្រជាជន»។ បក្សនេះ ក៏ឲ្យរដ្ឋាភិបាល ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា ចាប់តាំងតែពីបាតុកម្មនៅថ្ងៃទី១៤ តុលាមក ប៉ូលីសថៃ បានចាប់ឃាត់ខ្លួនបាតុករចំនួន៤០ នាក់។ ទោះជាមានក្រឹត្យអាសន្នបែបនេះក្តី បាតុករប្តេជ្ញាថា នឹងបន្តបាតុកម្មដដែល។ ដោយក្រុមបាតុករ អះអាងថា នឹងធ្វើបាតុកម្មអាចនឹងអូសបន្លាយយ៉ាងហោចណាស់១ខែ៕ដោយ៖ស តារា