អូស្ត្រាលីបានស្វាគមន៍អ្នកទេសចរដំបូងគេបង្អស់ចាប់តាំងពីការផ្ទុះកូវីដ-១៩ ហើយបានបិទព្រំដែន តាំងពីខែមីនាមកទល់ពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ប៉ុន្តែនៅពេលនេះបានគ្រប់គ្រងទាំងស្រុងហើយ ទើបអូស្ត្រាលីសម្រេចបើកទ្វារដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិវិញ។
កាលពីថ្ងៃទី១៦ខែតុលា អ្នកទេសចរ មកពីប្រទេសនូវែលហ្សេឡង់ ២៣០ នាក់បានទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ ប៉ុន្តែអ្នកទេសចរទាំងនោះ បានត្រឹមតែទស្សនកិច្ចនៅក្នុងរដ្ឋ New South Wales និងតំបន់ភាគខាងជើងអូស្ត្រាលី រួមទាំងរដ្ឋធានី Canberra ។
ប៉ុន្តែក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសនូវែលហ្សេឡង់វិញគឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។ នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា នេះជាជំហានវិជ្ជមានថ្មីក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ លោកបន្តទៀតថា«ពិតជារឿងមួយដ៏ប្រសើរបំផុត ដែលយើងបានស្វាគមន៍អ្នកទេសចរបរទេសដំបូងគេបង្អស់»។ លោកបន្តទៀតថា ការធ្វើដំណើរក្នុងដំណាក់កាលកូវីដ-១៩គឺត្រូវតែធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
នៅព្រឹកថ្ងៃទី១៧ខែតុលា មន្ទីរសុខាភិបាល រដ្ឋ Victoria បានប្រកាសថា ក្នុងរយៈពេល២៤ម៉ោង កន្លងមកក្នុងរដ្ឋនេះរកឃើញករណីឆ្លងថ្មីតែ២នាក់ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់ថ្មីនោះឡើយ។នេះជាចំនួនអ្នកឆ្លងទាបបំផុតក្នុងរយៈពេល៤ខែកន្លងមកនៅ ក្នុងរដ្ឋនេះ។ ក្នុងរយៈពេល២សប្តាហ៍ កន្លងមកមានករណីឆ្លងកូវីដ-១៩ ក្នុងរដ្ឋនេះមាន៧-៨នាក់តែប៉ុណ្ណោះ ។
អំពីបញ្ហាសេដ្ឋកិច្ច ក្នុងដំណាក់កាលឆ្នាំ២០១៩-២០២០ ដោយសារតែការឆ្លងរាលដាលកូវីដ១៩ ធ្វើឲ្យមូលនិធិក្នុងរដ្ឋVictoria បាត់បង់ដល់ទៅ៦,៥ពាន់លានដុល្លារអូស្ត្រាលី ។ចំណែកបំណុលក៏បានកើនឡើងបន្ថែម១៨,៨ពាន់លានដុល្លារ។
ឆ្លងកាត់ការឆ្លងលើកទីមួយនិងទីពីរ អូស្ត្រាលីមានករណីឆ្លងសរុប ២៧.៣៧១នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយជាង ២៤.៩០០នាក់ និងស្លាប់៩០៤នាក់ផងដែរ។ ដោយឡែកក្នុងរដ្ឋVictoriaជាទីកន្លែងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានករណីឆ្លង លើកទីពីរច្រើនបំផុត គឺមានដល់ទៅ២០.៣០០នាក់និងស្លាប់៨១៦នាក់៕