សកម្មភាពចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង​ គិតត្រឹមថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០​ម្សិលមុិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយបានការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាការណែនាំផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបន្តចុះជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ នៅតាមទីតាំងនានានៃទីទួលសុវត្ថិភាព និងតាមផ្ទះប្រជាពលរដ្ឋដោយប្រើមធ្យោបាយថ្មេីរជេីង​ និងទូកម៉ាស៊ីនជាដើម។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៌ទទួលបានពីលោកឱសថបណ្ឌិត​ វឿង​ ប៊ុនរ៉េត​ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ ស្ថានភាពកម្ពស់ទឹកគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានធូរស្រាលជាងមុន ប៉ុន្តែនៅចំណុចខាងក្រោមអាងកំពីងពួយ ប៉ះពាល់ឃុំចំនួន ២នៃស្រុកបាណន់ និងនៅស្រុកមោងឫស្សី ប៉ះពាល់ចំនួន ១ឃុំ ហេីយនៅបន្តរងឥទ្ធិពលព្យុះទី១៧ ដែលធ្វើឱ្យមានភ្លៀងនៅគ្រប់ស្រុក-ក្រុងក្នុងខេត្តបាត់ដំបង។ ទឹកស្ទឹងសង្កែមានកម្ពស់ ១២,៤៥ម៉ែត្រ (១៣,៨៥) សេកសក មានកម្ពស់ ៥៥,០៨ម៉ែត្រ (៥៧,៥០) ធ្វើឱ្យលិចលង់តាមតំបន់វាលទំនាប ភូមិតាមមាត់អូរ ស្ទឺង និងប៉ះពាល់ដល់សុខភាព ការរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

កិច្ចអន្តរាគមចំពោះមុខជាប្រចាំថ្ងៃត្រូវបានអនុវត្តដោយយកចិត្តទុកដាក់បំផុតរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង​ រួមជាមួយអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធ​ ដែលមានដូចខាងក្រោម៖
១.ការអន្តរាគមន៍ផ្នែកសុខាភិបាល៖
-ក្រសួងសុខាភិបាលបានផ្តល់ឱសថចាំបាច់បន្ថែម សម្រាប់គ្រោះមហន្តរាយទឹកជំនន់ជូនដល់ស្រុកប្រតិបត្តិទាំង ៥ មន្ទីរពេទ្យបង្អែក​ និងមណ្ឌលសុខភាពនានាក្នុងខេត្តបាត់ដំបង។
-ក្រុមគ្រូពេទ្យត្រូវបានចាត់ចុះជួយផ្តល់សេវាសុខភាព នៅតាមទីទួលសុវត្ថិភាព និងតាមផ្ទះប្រជាជន ជារៀងរាល់ថ្ងៃ។
-ក្រុមគ្រូពេទ្យ (ចំនួន ៣នាក់) យាមប្រចាំការ​នៅទីទួលសុវត្ថិភាពចំនួន ៨កន្លែង។
-បានផ្តល់ការពិគ្រោះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋតាមទីទួលសុវត្ថិភាពចំនួន ១ ៧៧២នាក់ (ស្រីចំនួន ១ ១៤៤នាក់ ក្មេងអាយុក្រោម ៥ឆ្នាំ ៧២នាក់) ហើយបញ្ហាសុខភាពជួបប្រទះរួមមាន៖ ជំងឺរាករូស​ ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំងឺកមរមាស់ជាដើម។
-​ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីអាយុ ២៧ឆ្នាំ សម្រាលបានកូនប្រុស ១នាក់ នៅឃុំបួរ ស្រុកភ្នំព្រឹកដែលជាប់នៅត្រើយម្ខាងអូរ ត្រូវបានអន្តរាគមន៌ជួយចម្លងដោយកងពលតូចថ្មើរជើងលេខ ៥៣ រួចបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកសំពៅលូនដោុយសុវត្ថិភាព។
-​ ជួយសង្គ្រោះករណីពុលដំឡូងមី​ នៅឃុំជ្រៃសីមា​ស្រុកសំពៅលូន ចំនួន​ ១នាក់ និងក្មេងស្រីអាយុ​ ៣ឆ្នាំ ចំនួន ១នាក់ ដោយស្ថានភាពពុលធ្ងន់ធ្ងរពេក​ អ្នកពុលត្រូវបានស្លាប់មុនមកដល់មន្ទីរពេទ្យ។
-​ បានបន្តអប់រំសុខភាព អំពីអនាម័យ សម្អាតខ្លួនប្រាណ សុវត្ថិភាពចំណីអាហារ​ ការបង្ការជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងផ្សេងៗ។
-​ បានចែកមុងជ្រលក់ថ្នាំចំនួន ៦០០មុង សាប៊ូដុំដុសខ្លួនចំនួន ១៨ ០០០ដុំ និងចែកទឹកអាល់កុលជែល សម្រាប់លាងដៃចំនួន ៨ ០០០ដប (ចំណុះ ៣០០មល) ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងក្រុមការងារសង្គ្រោះ។
-​ សកម្មភាពក្រុមការងារស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពតាគ្រាម បានចុះ អប់រំសុខភាព និងពិគ្រោះជំងឺជូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ស្ថិតនៅវត្តគិរីជុំ ឋភូមិអរពងមាន់ មានចំនួន​ ៣៨គ្រួសារ សរុប​ចំនួន​១៣០នាក់ ស្រី៥៥ ។
-​ ចែកមីកញ្ចប់ចំនួន ១ ៥០០កញ្ចប់ នំប៉័ង ២០០ដើម និងភេសជ្ជៈ ចំនួន ៧០កេស ជូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព នៅតាមខ្នងផ្ទះ និងក្រុមការងារសង្គ្រោះ។
-មូលដ្ឋានសុខាភិបាលលិចទឹកចូលអគារ​៖ មានមន្ទីរពេទ្យបង្អែកបវេល ១កន្លែង និងមណ្ឌលសុខភាពចំនួន ២កន្លែង
-មូលដ្ឋានសុខាភិបាលលិចទឹកជុំវិញអគារ​៖ មានមន្ទីរពេទ្យបង្អែកមោងរស្សី ១កន្លែង និងមណ្ឌលសុខភាពចំនួន ១៥កន្លែង។
-​ ផ្ទះប្រជាពលរដ្ឋចំនួន ៣៨ ៨៩០គ្រួសារ ក្នុងក្រុង/ស្រុកទាំង ១៤ និង ៨៩ឃុំ

២.​ ទិសដៅអនុវត្តបន្ត៖
-​ ត្រៀមឆ្លើយតបបន្ទាន់​ និងអន្តរាគមន៍ពីគ្រប់ផ្នែកមានមន្ទីរសុខាភិបាលខេត្ត​ មន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ក្នុងការផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ រួមទាំងករណីពស់ចឹក និងបញ្ហាសុខភាពចម្បងៗដែលអាចកើតឡើងជាយថាហេតុជូនប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ។
-​ បន្តតាមដានបញ្ហាសុខភាព និងចុះជួយអន្តរាគមន៍ជាប្រចាំនៅតាមទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
-​ បន្តតាមដាន​ និងអប់រំសុខភាព​ ជូនដល់ប្រជាជននៅតាមទីតាំងនានា​ និងត្រៀមជួយសង្គ្រោះ​ ប្រសិនបេីមានបញ្ហាសុខភាពកេីតមានឡេីងជាយថាហេតុ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print