សមត្ថកិច្ចឃាត់ខ្លួន អតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ខណៈរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា៖ អតីតចៅអធិការវត្តនៅភូមិអូតាប៉ោង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចផលិត និងរក្សាកាន់កាប់រូបភាប អាសអាភាសកុមារក្រោម១៨ឆ្នាំ។ លោកថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត។
សមត្ថកិច្ចបានបញ្ជាក់ថា៖ អតីតចៅអធិការវត្ត ដែលកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូតាប៉ាង ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពីការសាកសួរ និងស្តាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
ចំពោះ ករណីរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីចំនួនប៉ុន្មាននាក់នោះនៅឡើយទេ ។ ប៉ុន្តែប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យខាងលើ បានប្រព្រឹត្តអំពើគ្មានសីលធម៌ក្នុងសង្គម ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print