ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលមន្ត្រី ជាឈាមជ័រថ្មីចំនួន ៤៥ រូប

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍នោះ ការបង្កើតបានជាអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ចំណុះក្រសួងសម្រាប់បំពេញការងារស្នូលរបស់ខ្លួន ត្រូវជួបបញ្ហាប្រឈមមួយ គឺការខ្វះធនធានមនុស្ស ដែលមានសមត្ថភាព ចំណេះជំនាញ ខាងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយក៏ដើម្បីបំពេញរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិខាងលើផងដែរ ។
​ស្ថិតក្នុងស្ថានភាពនេះ ដោយមានការស្នើសុំពីក្រសួង និងការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើសក្តានុពលធនធានមនុស្សជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីរបស់ជាតិ មន្ត្រីវ័យក្មេងចំនួន ៤៥​រូប ជាបញ្ញវ័ន្តដែល​ភាគច្រើនបំផុតបានបញ្ចប់ការសិក្សានៅក្រៅប្រទេស មានកំរិតសញ្ញាប័ត្រ ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ វិស្វករ អនុបណ្ឌិត និងបណ្ឌិតក្នុងជំនាញខុសៗគ្នា ក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានជ្រើសរើសក្នុងលក្ខណៈពិសេសសម្រាប់ចូលបម្រើការ​ ងារជាមន្ត្រីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ។
​ ដោយយល់ថាមន្ត្រីទាំងអស់មិនធ្លាប់ឆ្លងកាត់ជីវភាពជាមន្ត្រីរាជការ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៌ណែនាំមួយចំនួន ដោយបាន​បញ្ជាក់ថា៖ជាមន្ត្រីរាជការត្រូវមានការលះបង់ច្រើន ពីព្រោះមិនមែនត្រឹមបម្រើក្រសួងប៉ុណ្ណោះទេ តែបម្រើរាជរដ្ឋាភិបាល និងប្រជាជនទាំងមូល ។ ជាពិសេសការចូលធ្វើការដំបូងមិនគួរគិតពីការយកមុខតំណែងជា​គោលការណ៌ធំឡើយ គឺត្រូវបញ្ចេញសមត្ថភាព និងចំណេះជំនាញរបស់ខ្លួនដែលបាន​សិក្សាពិតប្រាកដ ទេីបតំណែង​ការងារមកតាមក្រោយ​។ ក្នុងនោះការបំពេញការងារត្រូវគោរពតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល គោរពពេលវេលា មានឯកសណ្ឋានត្រឹមត្រូវ និងមានសាមគ្គីផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ។
លោកកិត្តិសេដ្ឋាបណ្ឌិត សូមឲ្យមន្ត្រីទាំងអស់ចូលបំពេញការងារចាប់ពីសប្តាហ៌ក្រោយ ក្នុងនាមជាមន្រ្តីជាប់កិច្ចសន្យាសិន រហូតដល់ឆ្នាំ២០២១ ទើបទទួលបានក្របខណ្ឌពេញសិទ្ធិ៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print