ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងចាកចេញពីទឹកអាមេរិកបើលោកចាញ់ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង Macon រដ្ឋ Georgia ប្រធានាធិបតីដូណាល់ត្រាំ បានវាយប្រហារទៅលើ គូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យថាជាបេក្ខភាពប្រធានាធិបតីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ទន្ទឹមនឹងនោះលោកត្រាំក៏បាននិយាយលេងសើចថា បើចាញ់ឆ្នោតលោកនឹងចាកចេញពីអាមេរិក។
លោកត្រាំបានបានបញ្ជាក់ថា «ខ្ញុំមិនគួរនិយាយលេងសើចនោះឡើយ តើអស់លោកមានដឹងអ្វីទេ? ខ្ញុំត្រូវប្រកួតប្រជែងជាមួយបេក្ខភាពប្រធានាធិបតីដែលអន់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយ ទាំងនោះគឺជាសម្ពាធយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ លោកអ្នកអាចស្រមៃឃើញថាបើខ្ញុំចាញ់ ជីវិតរបស់ខ្ញុំនឹងធ្វើអ្វី ? ខ្ញុំត្រូវនិយាយថា ខ្ញុំបានចាញ់បេក្ខភាពអន់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកឬ? ខ្ញុំនិឹងមិនមានអារម្មណ៍ល្អបន្តិចណាឡើយ ខ្ញុំអាចនិឹងចាកចេញពីប្រទេសក៏មិនដឹង»។
កាលពីឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា បើលោកបាត់បង់ការជ្រើសរើសពីគណបក្សសាធារណរដ្ឋនោះលោកនិឹងមិនបង្ហាញខ្លួននៅទីសាធារណៈនោះឡើយ។
មកដល់ថ្ងៃទី១៨ខែតុលានេះការបោះឆ្នោតអាមេរិកនៅសល់តែកន្លះខែទៀតប៉ុណ្ណោះ ប៉ុន្តែមានពលរដ្ឋអាមេរិកជាង២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់។ ចំណែកលទ្ធផលស្ទង់មតិវិញ បេក្ខភាពប្រធានាធិបតី ចូ បៃឌិន ទទួលបានការគាំទ្រខ្ពស់ ពីពលរដ្ឋ៕
ដោយ៖ ភារៈ