អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានរងការចោទពីអ្នកគាំទ្របក្សប្រឆាំងរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅថ្ងៃទី ១៨តុលា នៅទីក្រុង Karachi ថា៖ លោក ត្រូវបានលើកដំកើងដោយយោធានៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដែលត្រូវបានមើលឃើញថា ធ្វើឡើងដោយមិនយុត្តិធម៌។ នេះហើយដែលជាផ្នែកមួយនៃយុទ្ធនាការបណ្តេញនាយករដ្ឋមន្ត្រីប៉ាគីស្ថារូបនេះឲ្យចុះពីតំណែង។
បើតាមមេដឹកនាំក្រុមប្រឆាំងលោកស្រី Maryam Nawaz បានរិះគន់រដ្ឋាភិបាលោកនាយករដ្ឋមន្ត្រី Imran Khan ថា៖ បានឆក់យកការងារពីប្រជាជន និងបានឆក់យកអាហារ ២ ដងក្នុងមួយថ្ងៃៗ។ លោកស្រី Nawaz ចង់សំដៅដល់ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកដែលមានទំនិញឡើងថ្លៃកប់ពពក មានកំណើនអវិជ្ជមាន ស្របពេលដែលជំងឺ COVID-19 វាយលុកផងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
មេដឹកនាំក្រុមប្រឆាំងរូបនេះ គឺជាកូនស្រីនិងជាអ្នកស្នងមរតកនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីបីជំនាន់លោក Nawaz Sharif ។ ដោយការប្រមូលផ្ដុំគ្នានៅទីក្រុង Karachi បានកើតឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ក្រុមប្រឆាំងនៅទីក្រុង Gujranwala ភាគខាងកើតប្រទេសនៅថ្ងៃទី ១៨ ដែលជាបាតុកម្មធំបំផុតប្រឆាំងនឹងលោក Khan ចាប់តាំងពីលោកឡើងកាន់អំណាច។
សូមជម្រាបថា បក្សប្រឆាំងធំៗចំនួន ៩ បានបង្កើតចលនាមួយដែលមានឈ្មោះថាចលនាប្រជាធិបតេយ្យប៉ាគីស្ថាន (PDM) កាលពីខែមុនដើម្បីចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Imran Khan ។ លោក Khan ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៨មានទំនាក់ទំនងជាមួយយោធា និងយកយោធាមកធ្វើក្នុងរដ្ឋាភិបាលផង រហូតត្រូវបានក្រុមប្រឆាំងចោទថា លោកត្រូវបានយោធាផ្ចុងផ្ដើមឲ្យធ្វើជានាយករដ្ឋមន្ត្រី។
ដោយឡែកថ្លែងតាមរយៈវីដេអូភ្ជាប់ពីទីក្រុងឡុងទៅកាន់ការជួបជុំនៅ Gujranwala លោក Sharif បានចោទប្រកាន់ប្រមុខកងទ័ពលោកឧត្តមសេនីយ៍ Qamar Javed Bajwa ពីបទក្លែងបន្លំការបោះឆ្នោតឆ្នាំ ២០១៨ និងរៀបចំបណ្តេញលោកពីតំណែងនៅឆ្នាំ ២០១៧ ។ ប៉ុន្តែជុំវិញបញ្ហាខាងលើនេះ ទាំងយោធា ទាំងលោក Khan ផ្ទាល់ សុទ្ធតែបានទាត់ចោលការចោទប្រកាន់របស់ក្រុមប្រឆាំង។
គួរបញ្ជាក់ដែរថា យោធាប៉ាគីស្ថានដែលមានឥទ្ធិពលខ្លាំងក្នុងឆាកនយោបាយតាំងពីឯករាជ្យពីឥណ្ឌាមកនោះ ជារឿយៗអះអាងថា ខ្លួនមិនបានលូកដៃក្នុងរឿងនយោបាយឡើយ៕ដោយ៖ស តារា