អត្រាកំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០នេះ បាន​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការព្យាករណ៍​រប​ស់​ស្ថាប័ន​ផ្នែក​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ បានបញ្ជាក់ថា អត្រាកំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០នេះ បើធៀប​ទៅនឹង​​ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ​។ ប៉ុន្តែ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២០​នេះ ពាណិជ្ជកម្ម​ក្នុង​វិស័យ​ខ្លះ នឹង​នៅតែមាន​ការកើនឡើង​ដែរ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​របស់​ចិន​មានការ​កើនឡើង​១០​ភាគរយ​។​

​តាមការ​ប៉ាន់ស្មាន​របស់​ស​ន្និ​សីទ​អង្គការសហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​(UNCTAD) បានអះអាងថា ទំហំ​ពាណិជ្ជកម្ម​ធ្លាក់ចុះ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​។​ព្រោះចាប់​តាំង​ការផ្ទុះ​ជំងឺឆ្លង COVID-19 មក ពាណិជ្ជកម្ម​នៅ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​ជា​មធ្យម​១៩​ភាគរយ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ធៀប​ទៅនឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២០១៩​។

របាយការណ៍​របស់ UNCTAD បានបញ្ជាក់ទៀតថា ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​មានការ​កើនឡើង​បន្តិច​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ដោយមាន​កំណើន​៤, ៥​ភាគរយ​។ ប៉ុន្តែ​កំណើន​នេះ ក៏​នៅមានកម្រិត​តិចជាង​កាលពី​ឆ្នាំ​២០១៩ ផងដែរ​។ បន្ថែមពីនេះរបាយការណ៍​ដដែលក៏បានបង្ហាញថា​៖«​ការដោះដូរ​ទំនិញ​សម្រាប់​ការធ្វើការងារ​ពី​ផ្ទះ និង​សម្ភារ​វេជ្ជសាស្ត្រ​មានការ​កើនឡើង ក្នុង​ត្រីមាស​ទី​៣ ប៉ុន្តែ​ទំនិញ​ក្នុង​វិស័យ​យានយន្ត និង​ថាមពល​នៅ​បន្ត​ធ្លាក់ចុះ​»​។​

​ទោះជា​យ៉ាងណាក្តី របាយការណ៍​ខាងលើ​ក៏បាន​រំលឹក​ផងដែរ កំណើន​ពាណិជ្ជកម្ម​នឹង​បន្ត​ស្ថិតក្នុង​ស​ភាពមិនច្បាស់លាស់ ដោយសារតែ​ការវិវត្ត​នៃ​ជំងឺ COVID-19 ។​ ក្រៅពីនេះ កំណើន​ក្នុង​វិស័យ​វាយនភ័ណ្ឌ ក៏​នឹងមាន​ការកើនឡើង​ផងដែរ ដោយ UNCTAD អះអាងថា វិស័យនេះ​នឹងមាន​កំណើន​យ៉ាងហោចណាស់​៣​ភាគរយ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០​នេះ​។

​UNCTAD បន្ដថា បើសិនជា​ករណី​ឆ្លង COVID-19 បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ស្ថានការណ៍​បែបនេះ នឹង​បង្កើតជា​បរិយាកាស​មិន​អំណោយផល​ដល់​ពាណិជ្ជកម្ម​ពិភពលោក​មិន​ខាន​។ នេះ​ក៏​ព្រោះ​រដ្ឋាភិបាល​ប្រទេស​នានា អាច​នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ភ្លាមៗ​ក្នុងការ​រឹតត្បិត​ពាណិជ្ជកម្ម​។​

​សូមជម្រាបថា ខណៈ​អត្រាកំណើន​ជារួម​កើន​យឺត ចិន ជា​ប្រទេស​ដែលមាន​កំណើន​ពាណិជ្ជកម្ម​ច្រើនជាងគេ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះដោយ​ហក់​ឡើង​រហូតដល់​ទៅ​១០​ភាគរយ ធៀប​ទៅនឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​របស់ខ្លួន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នៅពេល​ផ្ទុះ​ជំងឺឆ្លង ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​រួចមក​។ ជារួមការនាំចេញ​របស់​ចិន​នៅ​៩​ខែ​ដើមឆ្នាំ​២០២០ មាន​ទំហំ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំ​២០១៩ ស្របពេល​ការនាំ​ចូល ក៏មាន​ការកើនឡើង​ផងដែរ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ។​

គួរបញ្ជាក់​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ ​នៅដើមខែ​តុលានេះ ក៏បាន​អះអាងថា ទំហំ​ពាណិជ្ជកម្ម​សាកល​នឹង​ធ្លាក់ចុះ​៩,២​ភាគរយប៉ុន្តែ​នឹង​កើនឡើង​វិញ​យ៉ាង​សន្សឹមៗ​ចំនួន​៧,២​ភាគរយ​ក្នុង​ឆ្នាំ​២០២១​។ អឺរ៉ុប និង​អាមេរិក គឺជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជ​កម្មនេះ​។ WTO ក៏បាន​អះអាង​ដែរ​ថា បើសិន​ជាមាន​វ៉ាក់សាំង​នៅ​ដើមឆ្នាំ​២០២១ នោះ​កំណើន​ពាណិជ្ជកម្ម​នឹងមាន​ការកើនឡើង​៣​ភាគរយ​បន្ថែមទៀត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print