អន្តរជាតិ៖ បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងពីលទ្ធភាពនៃការដកក្រឹត្យអាសន្ននៅក្នុងទីក្រុងបាងកក ស្រាប់តែនៅថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ ក្រុមបាតុករថៃ បានប្រកាសកំណត់រយៈពេល ៣ថ្ងៃសម្រាប់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធចុះចេញពីតំណែង និងទម្លាក់បទចោទលើមេដឹកនាំបាតុកម្មផ្សេងទៀតដែលខ្លះកំពុងស្ថិតក្រោមការឃុំខ្លួន និងខ្លះនៅក្រៅឃុំបណ្ដោះអាសន្ន។
បើតាមការចុះផ្សាយរបស់កាសែងបាងកកប៉ុស្តិ៍ ដកស្រង់នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ យ៉ាងដូច្នេះថា លោកនឹងបន្ធូរបន្ថយភាពតានតឹងនយោបាយនៅក្នុងទីក្រុងបាងកក។ ប្រមុខរដ្ឋាភិបាលថៃរូបនេះ អះអាងថា លោកកំពុងរៀបចំលើកចោលស្ថានភាពអាសន្នកម្រិតធ្ងន់នៅក្នុងទីក្រុងបាងកក ដែលបានដាក់នៅសប្តាហ៍មុន បើសិនបើគ្មានឧប្បទ្ទវហេតុហិង្សាកើតឡើង។
ជាមួយគ្នានោះ លោក ប្រាយុទ្ធ បានទទូចឲ្យក្រុមបាតុករបញ្ឈប់ការធ្វើបាតុកម្ម និងជជែកដេញដោលគ្នាដោយសន្តិភាពវិញ ជាពិសេសគឺការជជែកដេញដោលគ្នានៅក្នុងសភាដែលគ្រោងបើកកិច្ចប្រជុំវិសមញ្ញនៅថ្ងៃទី២៦ ខែតុលាខាងមុខ។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល បានជំរុញឲ្យគ្រប់ភាគីទាំងអស់ កុំបង្កឲ្យមានកំហុសប្រវត្តិសាស្ត្រកើតឡើងម្តងទៀត។
សូមជម្រាបថា ចំពោះការឈានជើងថយមួយជំហានរបស់ភាគីរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងគោលបំណងបន្ធូរបន្ថយសម្ពាធបាតុកម្មនៅក្នុងទីក្រុងបាងកក ដែលកំពុងមានពុះកញ្ជ្រោលខ្លាំង ដើម្បីទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង កំណែងទម្រង់ស្ថាប័នព្រះមហាក្សត្រនិងរដ្ឋធម្មនុញ្ញជាដើម។
ទោះជាយ៉ាងណាក្តី ការថយមួយជំហាននេះ គឺមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ក្រុមបាតុករថៃ។ ក្រុមបាតុករជាច្រើនពាន់នាក់ បានដើរតម្រង់ទៅវិមានរដ្ឋាភិបាលថៃ ដើម្បីដាក់ញត្តិឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង ក្នុងរយៈពេល៣ថ្ងៃ។ «ប្រាយុទ្ធត្រូវតែចុះចេញពីតំណែងជាមុន ហើយនេះគឺជារឿងងាយស្រួលបំផុតដែលត្រូវធ្វើ»។ បាតុករថៃម្នាក់ ដែលបានចូលរួមក្នុងការដង្ហែញាតិទៅដាក់នៅវិមានរដ្ឋាភិបាលថៃ បានលើកឡើងបែបនេះ។ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលថៃទទួលលិខិតនោះ ក្រុមបាតុករបានអះអាងថា ខ្លួនទទួលបានជោគជ័យមួយជំហានទៀត។
បើតាមមេដឹកនាំបាតុកម្មថៃម្នាក់ កញ្ញា Patsaravalee Tanakitvibulpon បានបញ្ជាក់ថា គោលបំណងនៅថ្ងៃទី២១ ខែតុលា គឺទទួលបានជោគជ័យហើយ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលទទួលញាត្តិ។ ជាមួយគ្នាដែរ មេដឹកនាំបាតុកម្មរូបនេះ បានប្រកាសថា ខ្លួននឹងមិនបញ្ឈប់ឡើយ រហូតទាល់តែលោកប្រាយុទ្ធចុះចេញពីតំណែង។
គួរបញ្ជាក់ថា ប្រជាជនថៃជាច្រើនពាន់នាក់ បានចេញមកធ្វើបាតុកម្មជាបន្តបន្ទាប់ ចាប់តាំងពីរដ្ឋាភិបាលថៃប្រកាសក្រឹត្យអាសន្នកម្រិតធ្ងន់នៅក្នុងទីក្រុងបាងកកនៅសប្តាហ៍មុន។ បាតុកម្មនេះ បានឈានទៅដាក់ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកម្លាំងសមត្ថកិច្ចថែមទៀត។ ក្រឹត្យអាសន្ន មិនត្រូវបានគោរពឡើយ ដោយការជួបនៅតែមានដដែល ទាំងក្រុមប្រឆាំងរដ្ឋាភិបាល និងក្រុមគាំទ្ររាជានិយមផង៕ដោយ៖ស តារា