ក្រុមបាតុករ​ថៃ កំណត់​រយៈពេល ៣​ថ្ងៃ​សម្រាប់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីលោក ប្រា​យុទ្ធ ចាន់​អូ​ចា ប្រមុខ​រដ្ឋាភិបាល​ថៃ បានលើកឡើង​ពី​លទ្ធភាព​នៃ​ការដក​ក្រឹត្យ​អាសន្ន​នៅក្នុង​ទីក្រុង​បាងកក​ ស្រាប់តែនៅថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ ក្រុមបាតុករ​ថៃ បានប្រកាសកំណត់​រយៈពេល ៣​ថ្ងៃ​សម្រាប់​នាយករដ្ឋមន្រ្តីថៃលោក ប្រា​យុទ្ធចុះ​ចេញពី​តំណែង និង​ទម្លាក់​បទ​ចោទ​លើ​មេដឹកនាំ​បាតុកម្ម​ផ្សេងទៀត​ដែល​ខ្លះ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន និង​ខ្លះ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។

​បើតាម​ការចុះផ្សាយ​របស់​កា​សែង​បាងកក​ប៉ុស្តិ៍​ ដកស្រង់នាយករដ្ឋមន្ត្រី​ថៃលោក​ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍ យ៉ាងដូច្នេះថា លោក​នឹង​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​នៅក្នុង​ទីក្រុង​បាងកក​។ ​ប្រមុខ​រដ្ឋាភិបាល​ថៃរូបនេះ អះអាងថា លោក​កំពុង​រៀបចំ​លើកចោល​ស្ថាន​ភាពអាសន្ន​កម្រិតធ្ងន់​នៅក្នុង​ទីក្រុង​បាងកក ដែល​បានដាក់​នៅ​សប្តាហ៍​មុន បើសិន​បើ​គ្មាន​ឧប្បទ្ទវហេតុ​ហិង្សា​កើតឡើង​។

​ជាមួយគ្នានោះ លោក ប្រា​យុទ្ធ បាន​ទទូច​ឲ្យ​ក្រុមបាតុករ​បញ្ឈប់​ការធ្វើ​បាតុកម្ម និង​ជជែក​ដេញដោល​គ្នា​ដោយ​សន្តិភាព​វិញ ជាពិសេស​គឺ​ការជជែក​ដេញដោល​គ្នា​នៅក្នុង​សភា​ដែល​គ្រោង​បើក​កិច្ចប្រជុំ​វិសមញ្ញ​នៅ​ថ្ងៃទី​២៦ ខែតុលា​ខាងមុខ​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ទាំងអស់ កុំ​បង្ក​ឲ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​កើតឡើង​ម្តងទៀត​។

​សូមជម្រាបថា ចំពោះការឈាន​ជើង​ថយ​មួយ​ជំហាន​របស់​ភាគី​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បន្ធូរបន្ថយ​សម្ពាធ​បាតុកម្ម​នៅក្នុង​ទីក្រុង​បាងកក ដែល​កំពុងមាន​ពុះកញ្ជ្រោល​ខ្លាំង ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង កំណែ​ង​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រនិង​រដ្ឋធម្មនុញ្ញ​ជាដើម​។

​ទោះជាយ៉ាងណាក្តី ការ​ថយ​មួយ​ជំហាន​នេះ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​ក្រុមបាតុករ​ថៃ​។ ក្រុមបាតុករ​ជាច្រើន​ពាន់​នាក់ បាន​ដើរ​តម្រង់​ទៅ​វិមាន​រដ្ឋាភិបាល​ថៃ ដើម្បី​ដាក់​ញត្តិ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង ក្នុង​រយៈពេល​៣​ថ្ងៃ​។ «​ប្រា​យុទ្ធ​ត្រូវតែ​ចុះចេញ​ពី​តំណែង​ជាមុន ហើយ​នេះ​គឺជា​រឿង​ងាយស្រួល​បំផុត​ដែល​ត្រូវធ្វើ​»​។ បាតុករ​ថៃ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុងការ​ដង្ហែ​ញាតិ​ទៅ​ដាក់​នៅ​វិមាន​រដ្ឋាភិបាល​ថៃ បានលើកឡើង​បែបនេះ​។ បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​ថៃ​ទទួល​លិខិត​នោះ ក្រុមបាតុករ​បាន​អះអាងថា ខ្លួន​ទទួលបាន​ជោគជ័យ​មួយ​ជំហាន​ទៀត​។

បើតាម​មេដឹកនាំ​បាតុកម្ម​ថៃ​ម្នាក់ កញ្ញា Patsaravalee Tanakitvibulpon បាន​បញ្ជាក់ថា គោលបំណង​នៅ​ថ្ងៃទី​២១ ខែតុលា គឺ​ទទួលបាន​ជោគជ័យ​ហើយ បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​ទទួល​ញា​ត្តិ​។ ជាមួយគ្នា​ដែរ មេដឹកនាំ​បាតុកម្ម​រូបនេះ បានប្រកាសថា ខ្លួន​នឹងមិន​បញ្ឈប់​ឡើយ រហូត​ទាល់តែ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង​។

​គួរបញ្ជាក់ថា ប្រជាជន​ថៃ​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់ ចាប់តាំងពី​រដ្ឋាភិបាល​ថៃ​ប្រកាស​ក្រឹត្យ​អាសន្ន​កម្រិតធ្ងន់​នៅក្នុង​ទីក្រុង​បាងកក​នៅ​សប្តាហ៍​មុន​។ បាតុកម្ម​នេះ បាន​ឈានទៅ​ដាក់​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ និង​កម្លាំង​សមត្ថកិច្ច​ថែមទៀត​។ ក្រឹត្យ​អាសន្ន មិនត្រូវ​បាន​គោរព​ឡើយ ដោយ​ការជួប​នៅតែមាន​ដដែល ទាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល និង​ក្រុមគាំទ្រ​រាជានិយម​ផង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print