អន្តរជាតិ៖ ក្នុងការអនុវត្តតាមបទបញ្ជាគ្រប់គ្រងការធ្វើដំណើររបស់ប្រជាជនអំឡុងពេល COVID-19 ដែលដាក់ចេញដោយរដ្ឋាភិបាលម៉ាឡេស៉ីនៅតំបន់ចំនួនបីមាន៖ Klang Valley, Sabah និង Labuan ដោយសម្រេចឲ្យអ្នកធ្វើការនៅម៉ាឡេស៊ី ជាង៧៥ម៉ឺននាក់នឹងធ្វើការពីផ្ទះដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែតុលា។
បើតាមលោក Mohamed Azmin Ali រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២១ថ្មីៗនេះថា ចំនួនកម្មករនៅក្នុងវិស័យផលិតកម្ម សំណង់ និង សេវាកម្មនៅតំបន់ Sabah, Selangor, Labuan, Kuala Lumpur និង Putrajaya មានចំនួនសរុប ៣,១ លាននាក់។ ២៥ ភាគរយនៃចំនួននេះ ដែលស្មើនឹង ៧៧៦,១៣៥ នាក់ហើយមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យ នឹងត្រូវធ្វើការពីផ្ទះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ីរូបនេះ បន្តថា ដើម្បីទទួលខុសត្រូវរួមគ្នាលើការការពារសុខភាពប្រជាជននិងកម្មករ ក្រសួងពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម នឹងអនុវត្តសេចក្តីសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (MKN) សម្រាប់បុគ្គលិកផ្នែកឧស្សាហកម្មដើម្បីអនុវត្តគោលនយោបាយធ្វើការពីផ្ទះសម្រាប់អ្នកការផ្នែកគ្រប់គ្រង និងការត្រួតពិនិត្យ។ លោក Ali បន្ថែមទៀតថាវិធានការនេះ នឹងជួយកាត់បន្ថយហានិភ័យនៃការរាលដាល COVID-19។
ជាមួយគ្នានោះ លោក Ali ក៏លើកឡើងដែរថា ដោយពិចារណាលើតម្រូវការវិស័យឧស្សាហកម្ម ក្រសួងនឹងអនុញ្ញាតឱ្យបុគ្គលិកអតិបរមា១០ភាគរយធ្វើការនៅក្នុងការិយាល័យ៤ម៉ោងក្នុងមួយថ្ងៃនិង ៣ដងក្នុងមួយសប្តាហ៍។ បន្ថែមពីនេះលោក បានពន្យល់ថា អ្នកទាំងនោះរាប់បញ្ចូលអ្នកទទួលបន្ទុកផ្នែកគ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាល ច្បាប់ ផែនការនិងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ហើយពួកគេត្រូវបអនុញ្ញាតឱ្យមានវត្តមាននៅក្នុងការិយាល័យចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង២រសៀល។
ដោយឡែកលោក Mohd Khairul Adib Abd Rahman មន្ត្រីផ្នែករដ្ឋវិញ អគ្គនាយកនៃសេវាសាធារណៈម៉ាឡេស៊ីក៏បាននិយាយថា ចាប់ពីថ្ងៃទី២២នេះដែរ ការិយាល័យរដ្ឋនានា អាចមានវត្តមានមន្ត្រី៣០ភាគរយប៉ុណ្ណោះ។ ការអនុញ្ញាតឲ្យធ្វើការនៅក្នុងការិយាល័យ អាចអនុវត្តបានចំពោះនាយកដ្ឋានណាដែលផ្ដល់សេវាសាធារណចាំបាច់។
សូមបញ្ជាក់ថា បើគិតមកដល់ពេលនេះ ម៉ាឡេស៊ី មានករណីឆ្លង សរុបចំនួនជាងពីរម៉ឺននាក់ និងមនុស្សស្លាប់ចំនួន ១៩៩ នាក់៕ដោយ៖ស តារា