ព្រះមហាក្សត្រថៃ Vajiralongkorn បានយាងទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងបាងកកនៅវេលាម៉ោង២យប់ក្រោយទទួលបានព័ត៌មានថា អង្គរក្សផ្ទាល់របស់ព្រះអង្គឆ្លងកូវីដ-១៩។
សារព័ត៌មាន New York Post បានផ្សាយថា ព្រះមហាក្សត្រថៃ ព្រះជន្ម៦៨ព្រះវស្សា បានយាងទៅកាន់មន្ទីរពេទ្យស្ងាត់ៗ។ ប៉ុន្តែព័ត៌មានផ្លូវការស្តីពីព្រះមហាក្សត្រ បានចូលព្យាបាលក្នុងមន្ទីរពេទ្យមិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ ។ ចំណែកក្រុមគ្រូពេទ្យ ក៏បានរក្សាព័ត៌មានសម្ងាត់ផងដែរ។ នៅពេលនេះគេមិនទាន់ដឹងថា ព្រះមហាក្សត្រមានឆ្លងកូវីដ-១៩ដែរឬយ៉ាងណានោះទេ?
ប្រភពព័ត៌មានបានឲ្យដឹងថា មិនមានអ្នកណាម្នាក់ក្នុងក្បួនការពារព្រះមហាក្សត្រ Vajiralongkorn និងព្រះមហេសីSuthida ព្រមទាំងព្រះរាជបុត្រ Dipangkorn Rasmijoti ត្រូវបានផ្តាច់ខ្លួននៅដាច់ដោយឡែកនៅឡើយទេ។
ព្រះមហាក្សត្រ Vajiralongkorn បានគង់នៅភាគច្រើនក្នុងប្រទេសអាល្លឺម៉ង់ ហើយទើបតែវិលមកប្រទេសថៃវិញកាលពីពាក់កណ្តាលខែតុលា ក្នុងឱកាសខួប៤ឆ្នាំថ្ងៃព្រះបិតាBhumibol Adulyadej ចូលទិវង្គត ។ ការវិលត្រឡប់មកកាន់ព្រះនគរវិញចំពេលដែល ពលរដ្ឋធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង នឹងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ៕