Liverpool, Man City, Porto, Atletico Madrid និង Bayern Munich ទទួលបាន៣ពិន្ទុក្នុងវគ្គជម្រុះ

ចែករំលែក៖

ក្រុមខ្លាំងៗទាំង៥ទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League កាលពីយប់មិញនៅក្នុងពូល សម្រាប់សប្តាហ៍ទី២នេះ។ ក្នុងនោះ៣ក្រុមឈ្នះក្នុងទឹកដី និង២ក្រុមឈ្នះក្រៅទឹកដី ខណៈដែលក្រុមធ្លាប់តែលេចធ្លោខ្លាំង Real Madrid បានត្រឹមស្មើប៉ុណ្ណោះ។

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវមកពីដាណឺម៉ាក Midtjylland ក្នុងលទ្ធផល២ទល់០ ដែលរកបានដោយកីឡាករDiogo Jota នៅនាទីទី៥៥ និង១គ្រាប់ទៀតជាបាល់ពិន័យប៉េណាល់ទីដោយកីឡាករ Mohamed Salah នៅនាទីទី៩០ក្នុងម៉ោងបន្ថែមជិតចប់ការប្រកួត។ លទ្ធផលនេះធ្វើឲ្យក្រុម Liverpool ទទួលបាន៦ពិន្ទុ ក្នុង២ប្រកួតកន្លងមកនេះ ឈរចំណាត់ថ្នាក់លេខ១បណ្តោះអាសន្នក្នុងពូល D។

ក្រុមខ្លាំងមកពីអង់គ្លេសមួយទៀតគឺមេឃខៀវ Man City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Marseille ក្នុងលទ្ធផល៣ទល់០ ដែល៣គ្រាប់នេះរកបានដោយកីឡាករ Ferran Torres នៅតង់ទី១នាទីទី១៨, និង២គ្រាប់ទៀតរកបានដោយកីឡាករ Gündoğan និង Sterling នៅនាទីទី៧៦ និងនាទីទី៨១។ ៣ពិន្ទុបន្ថែមនេះធ្វើឲ្យក្រុម Man City បន្តឈរកំពូលតារាងក្នុងពូលCបណ្តោះអាសន្នមាន៦ពិន្ទុ ។

ក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto បានយកឈ្នះក្រុមភ្ញៀវ Olympiakos Piraeus ក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់នេះរកបានដោយកីឡាករ Fábio Vieira និងកីឡាករ Sérgio Oliveira នៅនាទីទី១៨ និងនាទីទី៨៥ជិតចប់ការប្រកួត។ លទ្ធផលនេះធ្វើឲ្យក្រុម Porto ឡើងឈរចំណាត់ថ្នាក់លេខ២បន្ទាប់ពី Man City ក្នុងពូលC បណ្តោះអាសន្នស្មើពិន្ទុជាមួយក្រុម Olympiakos Piraeus ដែល៣ពិន្ទុដូចគ្នា ។

រីឯក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid បានយកឈ្នះក្រុមភ្ញៀវ Salzburg ក្នុងលទ្ធផល៣ទល់២ ដែល៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Atletico Madrid រកបានដោយកីឡាករ Llorente ១គ្រាប់ និងកីឡាករ João Félix ២គ្រាប់ម្នាក់ឯង ខណៈ២គ្រាប់របស់ក្រុមភ្ញៀវ Salzburg រកបានដោយកីឡាករ Szoboszlai និង១គ្រាប់ទៀតជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Felipe ។ លទ្ធផលនេះធ្វើឲ្យក្រុម Atletico Madrid ទទួលបាន៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងពូលA ដោយ២ប្រកួតចាញ់១ ឈ្នះ១ ។

ចំណែកក្រុមអតីតម្ចាស់ជើងឯកមកពីអាល្លឺម៉ង់ Bayern Munich បានបន្តរកបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Lokomotiv Moscow មកពីរុស្ស៊ីក្នុងលទ្ធផល២ទល់១។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Miranchuk នៅនាទីទី៧០ ខណៈ២គ្រាប់របស់ក្រុម Bayern Munich រកបានដោយកីឡាករ Goretzka នៅនាទីទី១៣ និង១គ្រាប់ទៀតរកបានដោយកីឡាករ Kimmich នៅនាទីទី៧៩។ ក្រុមខ្លាំង Bayern Munich បានបន្តឈ្នះ២ប្រកួតជាប់គ្នានៅបន្តឈរចំណាត់ថ្នាក់លេខ១ក្នុងពូលA ដដែលដោយមាន៦ពិន្ទុនៅក្នុងដៃ ។

ដោយឡែកក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ Moncheng ២ទល់២ប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមមួយនេះទទួលបានតែ១ពិន្ទុប៉ុណ្ណោះក្នុង២ប្រកួតវគ្គជម្រុះតាមពូលកន្លងមក ដោយចាញ់១ប្រកួត និងស្មើ១ប្រកួតកាលពីយប់មិញនេះ។ ប្រសិនបើប្រកួតជម្រុះលើកក្រោយប៉ះជាមួយក្រុមភ្ញៀវ Inter Milan ចាញ់ទៀតនោះ អាចប្រឈមនឹងការធ្លាក់ចេញពី Champions League ក្នុងវគ្គជម្រុះតាមពូលក៏ថាបាន ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print