អន្តរជាតិ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បានបោះឆ្នោតយល់ព្រមលើបេក្ខភាព លោកស្រីAmy Coney Barrett ជាចៅក្រមតុលាការកំពូលអាមេរិក។ ព្រោះសំណើជ្រើសតាំងបេក្ខភាពលោកស្រី Barrett ដោយលោកប្រធានាធិបតីដូណាល់ ត្រាំ គឺជារឿងចម្រូងចម្រាស់ ដ្បិតអីបក្សប្រជាធិបតេយ្យចង់ឲ្យអនាគតប្រធានាធិបតីដែលឈ្នះឆ្នោតជ្រើសតាំងបេក្ខភាពនេះ។
ខណៈបេក្ខភាពរបស់លោកស្រី Barret នៅក្នុងតុលាការកំពូលអាមេរិក នឹងធ្វើឲ្យចៅក្រមដែលមាននិន្នាការអភិរក្សនិយមកើនដល់៦ និងសេរីនិយមសល់ត្រឹមតែ៣ប៉ុណ្ណោះ។ បើទោះបីជាមានការតវ៉ាពីបក្សប្រជាធិបតេយ្យក្តី បក្សសាធារណរដ្ឋនៅតែជម្នះក្នុងការបន្តនីតិវិធីបោះឆ្នោតយល់ព្រមបេក្ខភាពលោកស្រីAmy Coney Barrett ជាចៅក្រមតុលាការកំពូលអាមេរិក។
បើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ក្នុងការបោះឆ្នោតនៅថ្ងៃទី២៦ តុលា សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋសឹងតែទាំងអស់បោះឆ្នោតគាំទ្រ ខណៈសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យទាំងអស់បោះឆ្នោតមិនយល់ព្រម។ ចំណែកបក្សប្រជាធិបតេយ្យអះអាងថា គេមិនគួរបោះឆ្នោតផ្តល់ការយល់ព្រមលើបេក្ខភាពចៅក្រម នៅពេលគៀកការបោះឆ្នោតឡើយ។ រីឯព្រឹទ្ធសភាអាមេរិកយល់ព្រមដោយសម្លេង៥២ ទល់នឹង៤៨ លើបេក្ខភាពលោកស្រី Amy Coney Barrett ចៅក្រមតុលាការឧទ្ធរណ៍។
សម្រាប់លោកប្រធានាធិបតីត្រាំ វត្តមានរបស់លោកស្រី Barrett ជាជ័យជំនះមួយយ៉ាងធំធេង។ លោកត្រាំចង់ឲ្យលោកស្រី Barrett ដែលមានវត្តមានក្នុងតុលាការកំពូលចូលរួមសម្រេចសេចក្តីលើជម្លោះទាំងឡាយដែលជាប់ទាក់ទងនឹងការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។ ចំណែកបក្សប្រជាធិបតេយ្យវិញ ទទូចហើយទទូចទៀតឲ្យលោកស្រី Barrett ដកខ្លួនពីការជំនុំជម្រះរឿងក្តីទាំងទងនឹងលទ្ធផលឆ្នោត។
ការដែលលោកស្រី Barrett ត្រូវបានជ្រើសតាំងដោយលោកត្រាំឲ្យបំពេញការងារជាចៅក្រុមនៅតុលាការកំពូលអាមេរិក គឺដោយសារលោកស្រី Ruth Bader Ginsburg ចៅក្រមតុលាការកំពូលអាមេរិកទទួលអនិច្ចកម្ម។ ចៅក្រមតុលាការកំពូលអាមេរិកមានចំនួន៩រូប និងបំពេញការងារមួយជីវិត។
វត្តមានរបស់លោកស្រីក្នុងតុលាការកំពូលអាមេរិក នាំឲ្យគេបារម្ភថាស្ថាប័នយុត្តិធម៌មួយនេះលម្អៀងទៅនិន្នាការស្តាំ និងអភិរក្សនិយម ដែលនាំឲ្យមានការកាត់សេចក្តីរឹតត្បិតសិទ្ធិក្នុងការរំលូតកូន កំណត់សិទ្ធិក្នុងការបោះឆ្នោត ការកំណត់សិទ្ធិ និងអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា និងពង្រីកសិទ្ធិក្នុងការប្រើប្រាស់កាំភ្លើង។ អ្វីដែលបក្សប្រជាធិបតេយ្យកាន់តែបារម្ភថែមទៀតនោះ គឺការដែលលោកត្រាំចង់ប្រើប្រាស់តុលាការកំពូលដើម្បីលុបចោលច្បាប់គាំពារសុខភាព(Obamacare) ដែលផ្តល់ការធានារ៉ាប់រងសុខភាពដល់ពលរដ្ឋអាមេរិកដែលមិនមានលទ្ធភាព ទិញធានារ៉ាប់រងសុខភាពពីក្រុមហ៊ុនឯកជនបាន។ លោកត្រាំ ព្យាយាមលុបច្បាប់នេះចោលម្តងតាមរយៈការបោះឆ្នោតព្រឹទ្ធសភា ប៉ុន្តែបរាជ័យដោយស្វែងរកសម្លេងមិនគ្រប់។
សូមជម្រាបថា ជម្លោះនៃលទ្ធផលបោះឆ្នោត ក៏ជាកត្តាមួយដែលបក្សប្រជាធិបតេយ្យមិនចង់ឲ្យមានចៅក្រមតុលាការកំពូលថ្មីមុនការបោះឆ្នោត ដ្បិតអីនៅពេលមានជម្លោះលទ្ធផលបោះឆ្នោត បក្សនេះបារម្ភថាចៅក្រមនឹងសម្រេចសេចក្តីទៅតាមបក្សនយោបាយដែលតែងតាំងខ្លួន ឬមានទំនោរដូចខ្លួន។
ដោយឡែកចំពោះករណីនេះ ធ្លាប់កើតឡើងម្តងក្នុងការបោះឆ្នោតឆ្នាំ២០០០ រវាង លោកGeorge W. Bush និង Albert Gore លើការរាប់សន្លឹកឆ្នោតសារជាថ្មីនៅរដ្ឋផ្លរីដា។ ការកាត់ក្តីនាពេលនោះត្រូបានគេ រិះគន់ថាលម្អៀងទៅតាមនិន្នាការមនោគមវិជ្ជានយោបាយ និងបក្ស។ពេលនោះចៅក្រុមតុលាការកំពូល៥នាក់ត្រូវបានតែងតាំងដោយប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ទល់នឹង៤នាក់ពីបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ចៅក្រមតុលាការកំពូលអាមេរិក ត្រូវបានជ្រើសតាំងដោយប្រធានាធិបតីអាមេរិក បន្ទាប់មកចាំបាច់ត្រូវទទួលការបោះឆ្នោតយល់ព្រមដោយព្រឹទ្ធសភាអាមេរិក៕ដោយ៖ស តារា